អភិបាលខេត្ដតាកែវ៖ តម្លៃនៃសន្ដិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនខ្លាំងឡើង

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ី សំណាង អភិបាលខេត្ដតាកែវ បានលើកឡើងថា តម្លៃនៃសុខសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះរបស់អភិបាលខេត្ដតាកែវ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាល និងពិធីបញ្ចុះត្បូងនៅត្រង់ចំណុចឧណ្ណាលោមព្រះពុទ្ធមេត្ដា ដែលបានកសាងឡើងពីលោហៈធាតុស្ពាន់លាយមាសនិងសម្បូរសមិទ្ធផលនានា នៅក្នុងវត្តអង្គជុំហៅវត្តកំហែង ដែលស្ថិតនៅឃុំព្រៃផ្ដៅ ស្រុកអង្គរបុរី កាលពីថ្ងៃទី ១៦ ខែមីនា​ ឆ្នាំ២០២៥។

លោក វ៉ី សំណាង បានលើកឡើងបន្តថា    សន្តិភាពបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនាមានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានាទាំងក្នុងនិងក្រៅប្រទេស។

ទន្ទឹមនឹងនោះលោកគូសបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ ក៏គ្មានដៃគូអភិវឌ្ឍបរទេសជាច្រើនបានមកបណ្ដាក់ទុនវិនិយោគនៅប្រទេសយើង ដោយឡែកខេត្តតាកែវផ្ទាល់ ក៏ទើបនឹងទទួលបានការបណ្ដាក់ទុនរកស៊ីជាច្រើន មកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ ដូច្នេះសុខសន្តិភាពនេះ បានផ្តល់ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗដូចជា ទឹក ភ្លើង ផ្លូវ ស្ពានសាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ដែលត្រូវបានស្ថាបនាឡើង យ៉ាងល្អប្រសើរ ដើម្បីបម្រើឱ្យបងប្អូនប្រជាពលរដ្ឋ៕