លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ ខណៈកម្ពុជា ត្រូវបានរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគតផងដែរ។

ការថ្លែងបែបនេះ នៅក្នុងដំណើរបំពេញបេសកកម្មទាក់ទាញនិងជំរុញវិនិយោគ នៅក្នុងទីក្រុងចឹងចូវ ខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន របស់ប្រភូកម្ពុជា ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

ជុំវិញរឿងនេះ លោក Zhou Fuqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ បានស្វាគមន៍គណៈប្រតិភូកម្ពុជាដែលមកទស្សនកិច្ចនៅខេត្តហឺណាន។ ជាមួយគ្នានេះ លោកក៏បានធ្វើការពិព័ណ៌នាអំពីសក្តានុពលរបស់ខេត្តហឺណាន ព្រមទាំងវឌ្ឍនភាពនៃការស្ថាបនាសួនកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Zhengzhou Agricultural Development Group ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៃអាកាសយានដ្ឋានអន្តរជាតិក្រុងចឹងចូវ។ លោកក៏បានសម្តែងនូវសុទិដ្ឋិនិយមថាក្រុមហ៊ុន Zhengzhou នឹងអាចមានលទ្ធភាពសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។
សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចខាងលើនេះដែរ កម្ពុជា-ចិន ក៏បានប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន សម្រាប់ឆ្នាំ ២០២៤ -២០២៨ ផងដែរ៕អត្ថបទ៖ ហ្សាលីន
