ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីៗនេះ បានឱ្យដឹងថាបច្ចុប្បន្ន ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស ដោយគ្របដណ្តប់ប្រមាណ ៥៥% នៃតំណសរុបចំនួនប្រមាណ ១,៤ លានតំណ។

លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤ ប្រតិបត្តិករទឹកស្អាតឯកជន និងរដ្ឋាករទឹកសាធារណៈ បានបង្កើនតំណទឹកស្អាតសម្រាប់មូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋចំនួន ១៣៣.១០៣ តំណ។
លោករដ្ឋមន្រ្តី បានលើកឡើងថា សេវាទឹកស្អាតមានតួនាទីសំខាន់សម្រាប់សុខភាពសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះត្រូវការចាំបាច់នៃកិច្ចសហការជិតស្និទ្ធរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់ ក្នុងកិច្ចខិតខំពង្រីកសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់គាំទ្រសកម្មភាពពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងតំបន់ទេសចរណ៍ជាដើម។

លោក ហែម វណ្ណឌី បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ ត្រៀមលក្ខណៈបុរេសកម្ម ដើម្បីទប់ស្កាត់បញ្ហាខ្វះទឹកជាយថាហេតុ ដោយលើកឡើងថា៖ “កម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាលើពិភពលោក បច្ចុប្បន្ន កំពុងរងផលវិបាកកើនឡើងពី១ឆ្នាំ ទៅ ១ឆ្នាំ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលនឹងប៉ះពាល់ដោយផ្ទាល់ដល់ប្រភពទឹក និងដល់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។”
លោកក៏បានលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងចំណោមប្រតិបត្តិករឯកជន និងរដ្ឋាករទឹកសាធារណៈ ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការ ធានាបាននូវភាពជឿជាក់នៃសេវាកម្ម ការអនុលោមតាមបទប្បញ្ញត្តិ និងការពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេស៕
