កសិករផលិតស្រូវប្រាំងនៅភាគខាងកើតខេត្តតាកែវកំពុងបង្កើនការថែទាំឱ្យទាន់រដូវកាលប្រមូលផល

សង្គម​ និង​សេដ្ឋកិច្ច

កសិករផលិតស្រូវប្រាំងភាគខាងទីរួមខេត្តតាកែវចូលមកដល់ខែមីនា ឆ្នាំ២០២៥ នៅមិនទាន់ធ្វើការប្រមូលផលនៅឡើយនោះទេ ពោលកសិករបាននិងកំពុងជំរុញការថែទាំយ៉ាងដិតដល់ ដើម្បីឱ្យទាន់រដូវកាលកំណត់។ ជាក់ស្តែង លោក ជួប វឿន នៅឃុំព្រៃផ្កំ ស្រុកអង្គរបូរីនៅថ្ងៃទី១៦ខែមីនា បានប្រើជីបន្ថែមចំនួន៥បេ ជំរុញឱ្យដំណាំស្រូវរបស់ខ្លួនចេញដង្ហើមស្រុះគ្នាឆាប់បានប្រមូលផលនៅថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជួប វឿន បានឱ្យដឹងថា នៅក្នុងមួយរដូវកាលនៃការធ្វើស្រែប្រាំងលើផ្ទៃដីជិត៦ហិកតា លោកត្រូវការប្រើប្រាស់ជីគីមី សរុបចំនួន៤០បេ ហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយនៃប្រើជីដើម្បីជំរុញឱ្យស្រូវមានការលូតលាស់ស្រុះគ្នា ឬទុំទាន់គ្នា ងាយស្រួលក្នុងការប្រមូលផលនៅថ្ងៃខាងមុខ។

បើតាមកសិករ ជួប វឿន, ការធ្វើស្រូវប្រាំងកសិករប្រើប្រាស់ថ្នាំនិងជីគីមីអស់តិចឬច្រើនវាអាស្រ័យទៅលើស្រូវមានជំងឺ។ បើស្រូវកើតជំងឺទាមទារឱ្យកសិករប្រើថ្នាំនិងជីគីមីញឹកញាប់ដើម្បីជួយជំនួយឱ្យល្អឡើងវិញ។

លោកបន្តថា កាលធ្វើស្រែប្រាំងក្នុងឆ្នាំ២០២៤កន្លងទៅ លោកបានចំណាយប្រាក់ទៅលើថ្នាំ ជីនិងប្រេងម៉ាស៊ូតសម្រាប់បូកទឹកអស់ប្រាក់៨លានរៀល ហើយដល់ពេលប្រមូលផលស្រូវបានជាង២០តោន ដោយក្នុងមួយតោនលក់បានថ្លៃ១លាន២០ម៉ឺនរៀល ក្រោយពីកាត់ចំណាយហើយនៅសល់ប្រាក់ជាង៤លានរៀលសម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារ។

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវធ្លាប់បានឱ្យដឹងថា ការធ្វើស្រូវប្រាំងនៅតំបន់វាលទំនាបនៅភាគខាងកើតទីរួមខេត្តតាកែវ ចាប់ផ្តើមដំណើរការទៅតាមទឹកស្រក ហើយនៅតំបន់ខ្លះបានចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។

លោកលើកឡើងថា តំបន់វាលទំនាបនៅប៉ែកខាងកើត ខេត្តតាកែវមានផ្ទៃដីដែលអាចផលិតស្រូវប្រាំងបានមានចំនួន៨ម៉ឺនហិកតា ហើយទទួលបានទិន្នផលស្រូវជាមធ្យម៥,២តោនក្នុងមួយហិកតា ។តួយ៉ាងកាលពីឆ្នាំ២០២៤កន្លងមកនេះការផលិតស្រូវប្រាំងបានចំនួន៥៩០ពាន់តោន។

លោក ញ៉ិប ស្រ៊ន គូសបញ្ជាក់ថា “តំបន់វាលទំនាបនៅខាងកើតទីរួមខេត្តតាកែវ ជាតំបន់ដែលមានសក្តានុពលភាពខ្លាំងជាងគេចំពោះដំណាំស្រូវ ហើយប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅតំបន់ទាំងនោះនិយមចូលចិត្តពូជស្រូវ OM 5451និងពូជស្រូវ IR ច្រើនជាងពូជស្រូវផ្សេងៗ ”៕