ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វ៉ាង វិនបីន (Wang Wenbin) បានបង្ហាញក្តីរំពឹងថា ការរៀបចំឱ្យមានសកម្មភាពវប្បធម៌នានា នៅលើដងវិថីថ្មើរជើង (Walking Street) នឹងទាក់ទាញភ្ញៀវទេសចរ ពិសេសទេសចរចិនកាន់តែច្រើន។

យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង វិនបីន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ លោកបានលើកឡើងថា៖« ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយមសម្រាប់អ្នករស់នៅក្នុងតំបន់និងភ្ញៀវទេសចរ សង្ឃឹមថាការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីនេះនឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន»។
សូមរម្លឹកដែរថា ផ្លូវថ្មើរជើង (Walking Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។

រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ គឺរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ ក៏បានលើកឡើងថា ផ្លូវថ្មើរជើង (Walking Street) ភ្នំពេញ បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។ ជារួមតាមរយៈ សម្តេចយល់ថា ការរៀបចំព្រឹត្តិការនានា សម្រាប់ប្រជាពលរដ្ឋកំសាន្តនៅតាមផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ គឺបាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេសចរជាតិ និងទេសចរអន្តរជាតិពីមួយសប្តាហ៍ទៅមួយសប្តាហ៍៕ អត្ថបទ៖ ហ្សាលីន

