មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញ និងលើកទឹកចិត្តភាគីចិន ឱ្យមកពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

លោកជំរុញបែបនេះ នៅក្នុងពេលដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រចាំក្រុងចឹងចូវ កាលព្រឹកទី១៧ ខែមីនា ឆ្នាំ២០២៥។
លោកស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅនៃសហគ្រាស និងជំរុញការវិនិយោគបន្ថែមទៀតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈជំនួបនេះ លោកថា គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ ការគាំទ្រវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល និងសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ភាគីចិនផងដែរ។

ស្របគ្នានេះ លោក ក៏បានលើកទឹកចិត្តភាគីមិត្តក្នុងការពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People – P2P) ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business – B2B) និងដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន មកទស្សនាកម្ពុជាឱ្យបាន១លាននាក់ ក្នុងឆ្នាំ២០២៥នេះ។
ទាក់ទិនរឿងនេះដែរ លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន បាន ស្វាគមន៍គណៈប្រតិភូកម្ពុជាដែលមកទស្សនកិច្ចនៅខេត្តហ៊ឺណាន ខណៈលោកក៏បានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកក៏បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានធ្វើការបោះជំហានវិនិយោគនៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)ផងដែរ។
សូមជម្រាបដែរថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យាជាដើម៕ អត្ថបទ៖ ហ្សាលីន

