លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានឱ្យដឹងថា ក្រុមហ៊ុន Kampu Nuts Agro Products បានកំពុងចុះប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពូជ M23 តាមបណ្តាសហគមន៌កសិកម្មចំនួន១៣ក្នុងខេត្តព្រះវិហារទៅតាមកិច្ចសន្យា ក្នុងបរិមាណ១ ៥០០តោន ជាមួយនិងតម្លៃ៥ ៧០០រៀលក្នុងមួយគីឡូក្រាម។

បើតាមប្រធានមន្ទីរកសិកម្មខាងលើ ក្រុមហ៊ុនចុះប្រមូលទិញគ្រាប់ស្វាយចន្ទីពីសហគមន៍កសិកម្មចំនួន១៣ក្នុងខេត្តព្រះវិហារនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីបានចុះកិច្ចសន្យាផលិតកម្មជាមួយគ្នាកាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២៥។
បើតាមលោក ពឹង ទ្រីដា នេះជាឆ្នាំទី២ដែលក្រុមហ៊ុនចុះកិច្ចសន្យាប្រមូលទិញពីកសិករនៅក្នុងសហគមន៍កសិកម្ម។ ការចុះកិច្ចសន្យាស្តីពីការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី រវាងក្រុមហ៊ុន KAMPU NUTS ជាមួយបណ្ដាញសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារសាមគ្គី នេះវាជារឿងមួយដ៏ល្អសម្រាប់កសិករ ហើយក្រុមហ៊ុនហ៊ានទិញក្នុងតម្លៃមួយល្អ បើប្រៀបធៀបទៅនិងប្រទេសជិតខាង។

លោក ពឹង ទ្រីដា មានប្រសាសន៍ថា “ការចុះកិច្ចសន្យាផលិតកម្មរវាងក្រុមហ៊ុនឯកជនជាមួយក្រុមកសិករអ្នកផលិតស្វាយចន្ទីក្នុងខេត្តពេលនេះវាជោគជ័យមួយ ហើយក្នុងនោះរាជរដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួលនិងជាសាក្សីនៃការចុះកិច្ចសន្យា គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុនប្រមូលទិញបានផលចំណេញ ហើយកសិករដំណាំស្វាយចន្ទីទទួលបានប្រាក់ចំណេញដូចគ្នា។ ដូចនេះក្នុងនាមអាជ្ញាធរខេត្តយើងចង់ឃើញចំណុចនេះបានដើរដល់គ្រប់កន្លែងទាំងអស់គឺជួយដោះស្រាយបញ្ហាទីផ្សារជូនបងប្អូនប្រជាកសិករបានច្រើន”។
បើតាម លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងទៀតថា ដំណាំស្វាយចន្ទីនៅក្នុងខេត្តព្រះវិហានៅពេលបច្ចុប្បន្នបាននិងកំពុងផ្តល់ផលមានផ្ទៃដីជិត៣ម៉ឺនហិកតា ហើយមកទល់សព្វថ្ងៃនេះកសិករចាប់ផ្តើមប្រមូលផលបានប្រមាណ១០% ក្នុងចំណោមផ្ទៃដីសរុប៕ SL

