លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយ លោក ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទស្សនកិច្ចសិក្សានៅផ្សារទំនើបAEON Mall និងហាង 7-Eleven ដើម្បីស្វែងយល់ពី និន្នាការទីផ្សារ និងការដាក់តាំងលក់គ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងទីផ្សារប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបានពិនិត្យទីតាំងចំនួនបីរួមមាន ផ្សារទំនើបAEON Mall និងហាង7-Eleven ចំនួន២សាខា។ក្នុងនោះ មានមួយជាសាខាដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីក្រុងតូក្យូ។
បើតាមក្រសួងពាណិជ្ជកម្ម ទស្សនកិច្ចនេះបានផ្តល់ឱកាសដ៏មានតម្លៃក្នុងការវាយតម្លៃ លទ្ធភាពទីផ្សាររបស់គ្រាប់ស្វាយចន្ទីកម្ពុជា ព្រមទាំងការវិភាគអំពី ចំណូលចិត្តអតិថិជន និងការស្វែងរកឱកាសថ្មីសម្រាប់ការពង្រីកការនាំចេញ។

លោក សំហេង បូរ៉ា បានលើកឡើងថា ក្រុមការងារជំរុញការនាំចេញ បានកំពុងសហការជាមួយអ្នកផលិត និងអ្នកនាំចេញ ដើម្បីលើកកម្ពស់ការអនុលោមតាមស្តង់ដារអន្តរជាតិ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងជំរុញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាក្លាយជាផលិតផលគុណភាពខ្ពស់ និងមានសក្តានុពលលក់ក្នុងទីផ្សារសកល។
សូមជម្រាបថា បច្ចុប្បន្នទីផ្សារជប៉ុនជាទីផ្សារគោលដៅដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ក្នុងន័យនេះ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកវត្តមាននៅទីផ្សារដែលមានតម្លៃខ្ពស់ តាមរយៈការបង្កើន ភាពជាដៃគូពាណិជ្ជកម្ម និងការលើកកម្ពស់ផលិតផលដែលមាននិរន្តរភាព និងសមត្ថភាពប្រកួតប្រជែង ដោយកម្ពុជាមានគោលបំណងជំរុញការនាំចេញ និងពង្រីកសក្តានុពលផលិតផលកម្ពុជានៅលើឆាកពិភពលោក៕

