លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, និងទេសចរណ៍រវាងកម្ពុជា និងខេត្តហឺណាន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍នៅកម្ពុជា ជូនទៅកាន់សហគមន៍ធុរកិច្ចដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

ក្នុងសន្និសីទនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងសុន្ទរកថាគន្លឹះទាក់ទាញវិនិយោគទៅកាន់សហគមន៍ធុរកិច្ចដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន តំណាងសហគ្រាសនៅទូទាំងខេត្តសរុបប្រមាណ៦០ក្រុមហ៊ុន ដែលមានមុខសញ្ញាវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, និងទេសចរណ៍ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ (១) ស្ថិរភាពនយោបាយ (២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន (៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត (៤) រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន (៥) របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និង (៦) ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

លើសពីនេះ លោកក៏បានលើកឡើងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចខេត្តហ៊ឺណានរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
សូមជម្រាបថា ២ខែ ដើមឆ្នាំ ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។នៅក្នុងរយៈពេល២ខែ ឆ្នាំនេះ ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

