ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ បានផ្តល់ផ្ទះសំណាញ់«១០០ខ្នង» ដល់កសិករជាសមាជិកនិងសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើបណ្តាញសង្គមផ្លូវការ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ផ្ទះសំណាញ់«១០០ខ្នង»នេះនឹងបន្ថែមភាពរឹងមាំមួយកម្រិតទៀតដល់ស្ថេរភាពនៃការផ្គត់ផ្គង់បន្លែពីក្នុងសហគមន៍ទៅកាន់ទីផ្សារក្នុងស្រុក និងបង្កើតសមត្ថភាពប្រកួតប្រជែងនៃផលិតកម្មបន្លែរបស់យើងជាមួយបន្លែនាំចូល។
បើតាមលោក ឃឹម ហ្វីណង់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ គ្រោងផ្តល់ផ្ទះសំណាញ់«២០០ខ្នង» ដល់កសិករជាសមាជិកនិងសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» ប៉ុន្តែជាជំហានដំបូងគឺជួយចំនួន១០០ខ្នងសិន។

លោកបានគូសបញ្ជាក់ថា ជំនួយជាមូលនិធិរបស់ក្រុមការងាររាជរដ្ឋាភិបាលនៃខេត្តទាំងបី ដែលជាខេត្តជាប់ខេត្តតាកែវនឹងក្លាយជាមូលនិធិដ៏សំខាន់ដែលជួយពង្រឹងដល់ការអភិវឌ្ឍន៍សហគមន៍នៅក្នុងឃុំត្រាំកក់។ដោយជំហាននៃការអភិវឌ្ឍលើកនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងពន្លឿនការធ្វើសមហរណកម្មនៃផលិតកម្មបន្លែដែលមានស្រាប់នៅក្នុងស្រុកត្រាំកក់ ដែលនឹងបម្រើផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ដល់បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះ។
ជួសមុខឱ្យឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហគមន៍អ្នកដាំបន្លែនៅក្នុងឃុំត្រាំកក់ទាំងមូល លោក ឃឹម ហ្វីណង់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំង៣ សម្រាប់ការវិនិយោគលើការអភិវឌ្ឍខឿនសេដ្ឋកិច្ចសហគមន៍មូលដ្ឋានប្រកបដោយអត្ថន័យមួយនេះផងដែរ៕

