ប្រតិភូកម្ពុជា បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សប្រចាំក្រុងចឹងចូវ ខេត្តហ៊ឺណាន ដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយ លោក An Wei លេខាបក្សប្រចាំក្រុងចឹងចូវ កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន(ចឹងចូវ)។
ជំនួបពិភាក្សាទ្វេភាគីនេះ គឺធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែមានសន្ទុះខ្លាំង។

នាឱកាសនោះ លោក An Wei លេខាបក្សប្រចាំក្រុងចឹងចូវ បានស្វាគមន៍គណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកកាន់ក្រុងចឹងចូវនាឱកាសនេះ។ ទន្ទឹមនឹងនេះ លោក ក៏បានបង្ហាញសុទិដ្ឋិនិយមថាដំណើរបេសកកម្មនាពេលនេះនឹងអាចទាក់ទាញបាននូវគម្រោងវិនិយោគជាច្រើនពីខេត្តហឺណានឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាសំដៅចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណសមភាគីចិនសម្រាប់បដិសណ្ឋារកិច្ចជូនគណៈប្រតិភូកម្ពុជា ដែលជាបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឆ្លៀតឱកាសនោះ លោកក៏បានបានអញ្ជើញគណៈប្រតិភូរដ្ឋបាលក្រុងចឹងចូវ និងតំណាងសហគ្រាសប្រចាំក្រុងចឹងចូវ ពិនិត្យលទ្ធភាពនិងឱកាសមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាដើម្បីមកសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ជាពិសេសពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសលើអនុវិស័យអេឡិចត្រូនិក ដែលអាចដើរតួនាទីបំពេញបន្ថែមពីលើខ្សែច្រវាក់ផលិតកម្មដែលមានស្រាប់នៅខេត្តហ៊ឺណានផងដែរ។
សូមជម្រាបជូនដែរថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានការស្នើសុំ និងអនុម័តគម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ ខណៈរាជរដ្ឋាភិបាល អះអាងថា នេះគឺជាឆ្នាំដែលមានការវិនិយោគច្រើនជាងគេមិនធ្លាប់មាននៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន
