គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្ត ៣ គឺខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង (កោះកុង-វាលវែង-សំឡូត) ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ សម្រេចការសាងសង់ជិត១០០%ហើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។

ក្រសួងសាធារណការ បានឱ្យដឹងថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ DBST សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
សូមជម្រាបថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨ គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
គម្រោងនេះ ត្រូវបានចាត់ទុកថា ជាគម្រោងដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដែលបានជួយលើកសម្រស់ និងការអភិវឌ្ឍខេត្តកោះកុង។(នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ) ៕
