ក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ ចុះMOU ប្រមូលទិញពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន ៦ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩ ០០០ តោន ដំឡូងមីចំនួន ៨១ ៦០០ តោន កញ្ចុងអង្ករចំនួន ៥១ ១៣០ និងកន្ទក់ចំនួន ៥៧ ៧៣០ តោន។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមជំរុញការវិនិយោគទៅលើការកែច្នៃកសិផលនៅក្នុងស្រុក ក៏ដូចជាបង្កើនគុណតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វ  ព្រមទាំងបង្កើនឱកាសធុរកិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន។

លោក លី ឡាវីល តំណាងក្រុមហ៊ុន អឹមភីកបានឱ្យដឹងថា នៅក្នុងមួយឆ្នាំក្រុមហ៊ុនមានតម្រូវការទិញវត្ថុធាតុដើមផ្សេងៗសម្រាប់ប្រើប្រាស់ប្រចាំឆ្នាំប្រមាណ១០ម៉ឹនតោន ក្នុងនោះមានដូចជាពោតក្រហម កន្ទុ កញ្ជុងអង្ករ ដំឡូងមី ហើយនៅពេលកន្លងមកក្រុមហ៊ុនផលិតចំណីសត្វបានប្រមូលទិញអស់ពីលទ្ធភាព។
លោកបន្តថា “បច្ចុប្បន្នយើងនៅមានការនាំចូលចំណីសម្រេចមកពីខាងក្រៅនៅមានបរិមាណច្រើន។ ដូចនេះតទៅមុខទៀត បើវិស័យចិញ្ចឹមសត្វនៅតែមានការរីកចម្រើន ខ្ញុំជឿថារោងចក្រផលិតចំណីសត្វក្នុងស្រុកនឹងពង្រីកការផលិតនិងការប្រមូលទិញវត្ថុធាតុដើម បានកាន់តែច្រើនថែមទៀតដើម្បីកាត់បន្ថយការនាំចូលចំណីសត្វមកពីបរទេស”។

បើតាមលោក លី ឡាវីល ការចុះអនុសរណៈខាងលើធ្វើឡើងដើម្បីឱ្យបានតួលេខរួមគ្នាមួយបញ្ជាក់ថា ក្រុមហ៊ុនផលិតចំណីសត្វទាំង៦ពិតជាបានចូលរួមទិញ ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមផ្សេងទៀត ដូចទៅនិងបរិមាណខាងលើពិតមែន។ ដូចនេះចំនួនដែលនៅសល់ក្រសួងពាណិជ្ជកម្មអាចនិងរិះរកទីផ្សារបន្ថែមទៀត តាមរយៈរកដៃគូវិនិយោគ ធ្វើជារោងចក្រផលិតម្សៅមីបន្ថែមសម្រាប់នាំចេញ ឬរកដៃគូទិញដំឡូងមីស្រស់នាំចេញបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ ដែលបានចុះអនុស្សរណៈប្រមូលទិញពោតក្រហម ដំឡូងមី កញ្ចុងអង្ករ កន្ទក់នោះរួមមាន ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។