សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ រួមគ្នាជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អប្រសើរថែមទៀត។ សម្តេចធិបតី ជំរុញបែបនេះ នៅក្នុងសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

តាមរយៈសារាចរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញក្រសួងសង្គមកិច្ច សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំពិធីអបអរសាទរទិវានេះ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច គុណតម្លៃរបស់កម្លាំងសេវាសង្គម និងសមិទ្ធផលការងារ។
ជាមួយគ្នានេះ សម្តេចក៏ជំរុញក្រសួងសង្គមកិច្ច និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាម គ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបាន កាន់តែល្អប្រសើរថែមទៀត។សម្តេចអះអាងថា ការរួមគ្នានេះ គឺជាកម្លាំងស្នូលសម្រាប់ការពារនិងលើកកម្ពស់សុខុមាលភាព និងបង្កើតសុខដុមនីយកម្មក្នុងសង្គម។
សូមជម្រាបដែរថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំជាទិវាជាតិសង្គមកិច្ច តាមរយៈអនុក្រឹត្យ លេខ១៥៥ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីទិវាជាតិសង្គមកិច្ច។
ជាក់ស្តែង នៅឆ្នាំ២០២៥ នេះរាជរដ្ឋាភិបាល ប្រារព្ធទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីភាព អន្តរជំនាន់ដើម្បីធានាបានសុខុមាលភាពយូរអង្វែង» ក្នុងគោលបំណងបង្ហាញអំពីលទ្ធផលការងារនៃការផ្តល់ សេវាសង្គមកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាពិភពលោក និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្លាំងសេវាសង្គមដែលបានលះបង់ពេលវេលា ចំណេះដឹង និងជំនាញជួយដល់ប្រជាជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ ក៏ដូចជាបង្កើនតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងតួនាទី ដ៏សំខាន់របស់កម្លាំងសេវាសង្គម៕ អត្ថបទ៖ ហ្សាលីន