លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់ការលើកទឹកចិត្តតែងតាំងលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

នេះបើតាមរយៈជំនួបសម្តែងការគួរសម រវាងលោក ហួត ហាក់ ជាមួយលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក GAGAN Malik បានស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោកពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងបានផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ។
លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តតែងតាំងលោក GAGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ តារាចម្រៀង លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានចាប់ដៃជាមួយលោក GAGAN Malik ដើម្បីចូលរួមផ្សព្វផ្សាយទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ទៅកាន់ពិភពលោក ជាពិសេសនៅតំបន់ទេចរណ៍ក្នុងទឹកដីខេត្តសៀមរាប ក្រោមការៀបចំរបស់ក្រសួងទេសចរណ៍ផងដែរ៕


