សៀវភៅ«អតីតកាលដ៏រីករាយ» របស់កវីនិពន្ធ ប៊ិន រ៉ាត់ ត្រូវបានគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយនៅប្រទេសឡាវស្នើសុំសិទ្ធិបកប្រែជាភាសាឡាវ

សង្គម​ និង​សេដ្ឋកិច្ច

ជាមួយនឹងមហិច្ឆិតានៃការនាំយកសៀវភៅរបស់ខ្លួន​ ចូលក្នុងទីផ្សារក្នុងតំបន់​ ពេលនេះម្ចាស់ស្នាដៃសៀវភៅ​ «អតីតកាលដ៏រីករាយ»​ ដែលមិត្តអ្នកអានភាគច្រើនស្គាល់ថា​ ជាស្ថាបនិក​កម្មវិធី​ «នាទីឆ្លើយសំណួរយកសៀវភៅ»​  បានសម្រេចគោលបំណងមួយ ​នោះគឺសៀវភៅ​ អតីតកាលដ៏រីករាយ​ របស់លោក​ ត្រូវបានគ្រឹះស្ថានបោះពុម្ពផ្សាយនិងចែកចាយនៅប្រទេសឡាវ​ ទទួលសិទ្ធិបកប្រែជាភាសាឡា​វ​ ជាផ្លូវការ​។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីផ្ដល់សិទ្ធិជូន D-Book Publisher បកប្រែជាភាសាឡាវ កវីនិពន្ធ ប៊ិន រ៉ាត់ បានថ្លែងពីរដ្ឋ ​ធានី​វៀងចន្ទ​ ប្រទេសឡា​វ​ថា ​វត្តមាន​របស់សៀវភៅ​  អតីតកាលដ៏រីករាយ​ ក្នុងព្រឹត្តិការណ៍​អន្តរជាតិ​លើកដំបូង​ ពិតជាបានផ្ដល់ភាពរីករាយដល់គាត់​ ព្រោះថាក្ដីស្រមៃ​ ដែលចង់ឃើញសៀវភៅរបស់ខ្លួនបកប្រែជាភាសាដទៃបានដូចបំណង។

លោកបានគូសបញ្ជាក់ថា ក្នុងការតែងនិពន្ធ លោកមានគោលបំណងមួយ និងគោលដៅពីរ។ គោលបំណងមួយនោះ គឺដើម្បីបញ្ជ្រាបការអាននៅកម្ពុជា ក៏ដូចជាចូលរួមបណ្ដុះធនធានមនុស្សក្នុងវិស័យអប់រំតាមដែលអាចធ្វើទៅបាន ជាពិសេសនៅតំបន់ដាច់ស្រយាល និងអ្នកខ្វះលទ្ធភាព។

ចំណែកឯគោលដៅពីរនោះគឺសំដៅទៅលើមនុស្សពីរក្រុម។ ក្រុមទីមួយ គឺក្រុមដែលមិនធ្លាប់ឣានសៀវភៅ ឬមិនចូលចិត្តអានសៀវភៅ។ រីឯក្រុមទីពីរ គឺក្រុមដែលកំពុងមានបំណងបោះបង់ការសិក្សា។

លោកបន្ដថា អ្នកនិពន្ធច្រើនណាស់សរសេរសៀវភៅឱ្យអ្នកចូលចិត្តអានសៀវភៅអាន ដោយឡែកខ្ញុំបែរជាសរសេរសៀវភៅសម្រាប់ឱ្យអ្នកមិនចូលចិត្តអាន ឬមិនធ្លាប់អានសៀវភៅ អានទៅវិញ។ នេះអាចសន្មតថា ជារឿងខុសគេមួយរបស់ខ្ញុំ។ ខ្ញុំដឹងថាបេសកម្មនេះមិនងាយស្រួលពេកនោះទេ ប៉ុន្តែខ្ញុំបានធ្វើវា កំពុងធ្វើ នឹងបន្តធ្វើដោយក្ដីសង្ឃឹម។ ការដែលចង់ឱ្យអ្នកមិនមានទម្លាប់អានសៀវភៅងាកមកអាន និងអ្នកដែលមានបំណងបោះបង់ការសិក្សា  មកបន្តការសិក្សាវិញ មិនមែនជារឿងធ្វើត្រឹមមួយថ្ងៃបានលទ្ធផល ឬងាយពេកនោះទេ។ ដូចនេះ ជាយុទ្ធសាស្រ្តដើម្បីឱ្យមនុស្សទាំងពីរក្រុមខាងលើនេះងាកមកចាប់អារម្មណ៍សៀវភៅ ឬអានសៀវភៅ ខ្ញុំព្យាយាមរក្សាសាមញ្ញភាពនៃសៀវភៅទាំងអស់របស់ខ្ញុំ ទាំងអត្ថន័យ ខ្លឹមសារ និងក្របសៀវភៅ ជាពិសេសសៀវភៅទាំងអស់នោះទាក់ទងនឹងដំណើរជីវិតពិតក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។

ទន្ទឹមនឹងនោះលោកថា សៀវភៅទាំងគ្រប់ចំណងជើងរបស់លោកមានការផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់អ្នកខ្វះលទ្ធភាព លើសពីនេះក៏មានការផ្ដល់ជូនតាមសាលា បណ្ណាល័យភូមិ និងមណ្ឌលនានា។

សម្រាប់ខ្លួនលោកផ្ទាល់ ត្រឹមរយៈពេល ៥-១០ ឆ្នាំក្រោយ ប្រសិនបើមានមនុស្សណាម្នាក់ដើរមកជិតលោក ហើយប្រាប់លោកថា ” អរគុណបង ប្រសិនបើខ្ញុំមិនបានអានសៀវភៅរបស់បង ម្ល៉េះខ្ញុំឈប់រៀនបាត់ហើយ…។” ឬក៏ ” អរគុណបង ប្រសិនបើខ្ញុំមិនបានអានសៀវភៅបង ម្ល៉េះខ្ញុំមិនចាប់ផ្ដើមអានសៀវភៅទេ…។” ប្រយោគទាំងអស់នេះជាក្ដីសុខរបស់លោក។

និយាយឱ្យខ្លី បើសៀវភៅទាំងអស់របស់លោកណាមួយ ឣាចអូសទាញមនុស្សពីរក្រុមខាងលើមកកាន់សៀវភៅអានបាន ឬបន្តការសិក្សាបានវិញត្រឹម១នាក់ នោះគឺជាជោគជ័យដ៏ធំមួយសម្រាប់កិច្ចការតែងនិពន្ធរបស់លោក។

គួរបញ្ជាក់ផងដែរថា​ មកដល់ពេលនេះ​ លោកក៏មានស្នាដៃសៀវភៅ​ មួយចំនួនដូចជា៖១, សៀវភៅ អតីតកាលដ៏រីករាយ ដែលរៀបរាប់អំពីជីវិតកុមារភាព(បឋមវ័យ) ជាដំណាក់កាលបំបូង និងជាគ្រាដ៏រីករាយបំផុងក្នុងដំណើរជីវិត។ សៀវភៅទីពីរ រឿងជីវិត(ព្រលឹត) ជាប្រលោមលោកដែលលើកយកបញ្ហា និងដំណោះស្រាយជីវិតជាក់ស្ដែង ក្នុងការរស់នៅប្រចាំថ្ងៃ(មជ្ឈិមវ័យ) មកបរិយាយនិងបញ្ជាក់ថានេះជារឿងជីវិត។  រីឯ សៀភៅទី៣  ថ្ងៃរសៀល ជាសៀវភោដែលរៀបរាប់អំពីបញ្ហាជីវិត ក្នុងបច្ឆិមវ័យ គឺវ័យចុងក្រោយជីវិត ឬឣ្នកដែលមានបញ្ហាសុខភាពជាប់ខ្លួនរ៉ាំរ៉ៃ  ៕