ក្រុមហ៊ុន IKEA ដែលជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក បានចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោកអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។

ជាមួយគ្នានោះ លោកក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីឆាប់ទទួលបានផលចំណេញ។
ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានលើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម៕