សៀវភៅ “ទឹកចិត្តអ្នកជួយសង្រ្គោះ” ស្តីពីដំណើរជីវិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ពីកុមារភាពរហូតបច្ចុប្បន្ន ចេញផ្សាយជាសាធារណៈចំពេលរម្លឹកអនុស្សាវរីយ៍៤៥ឆ្នាំនៃខួបអាពាហ៍ពិពាហ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ឯកឧត្តមទីប្រឹក្សា ពៅ សុខ ដែលជាអ្នកនិពន្ធស្នាដៃ “ទឹកចិត្តអ្នកជួយសង្រ្គោះ” បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ ថា សៀវភៅនេះមានកម្រាស់ជាង ៤០០ ទំព័របានចាប់ផ្តើមសរសេរកាលពីចុងឆ្នាំ ២០១៣ និងបញ្ចប់សព្វគ្រប់ ការរៀបរៀងនៅពាក់កណ្តាលឆ្នាំ ២០២០ ដោយបានដាក់ចំណងជើងដំបូងជាភាសាបាលី គឺ ទឹកចិត្តសង្គហជន ដែលមានន័យថា ទឹកចិត្តអ្នកជួយសង្រ្គោះ ដូចគ្នា។
ឯកឧត្តមបញ្ជាក់ទៀតថា សៀវភៅនេះរៀបរាប់ពីដំណើរជីវិត ដ៏ជូរចត់របស់សម្តេចព្រឹទ្ធបណ្ឌិត និងប្រជាជនខ្មែរក្នុងសម័យសង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ និងយុគសម័យដ៏មហារន្ធត់វេទនា នៃការកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលដឹកនាំដោយពួកខ្មែរក្រហម ប៉ុល ពត។
ឯកឧត្តមរៀបរាប់ថា ក្នុងអំឡុងឆ្នាំ ១៩៧៧ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន រត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយមកជួយរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបដ៏ឃោរឃៅនោះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រៀបទៅនឹងព្រះនាងជ័យរាជទេវី ដូច្នោះដែរ ដែលព្រះនាងត្រូវបែកពីព្រះស្វាមីព្រះបាទជ័យវរ្ម័ន ទី៧។ ព្រះបាទជ័យវរ័្មន បានរត់ភៀសព្រះកាយទៅសម្ងំបង្កើតកងទ័ពរយៈពេលចន្លោះពី១៥ ទៅ១៩ឆ្នាំ ដើម្បីរំដោះព្រះនគររបស់ព្រះអង្គ ធ្វើឱ្យព្រះនាងជ័យរាជទេវី រង់ចាំព្រះអង្គរហូតសោយទិវង្គត។
ចំណែកសម្តេចតេជោ ហ៊ុន សែន បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម និងចំណាយពេលជិត៣ឆ្នាំ បង្កើតកងទ័ព និងរួមកម្លាំងជាមួយចលនាខ្មែរដទៃទៀតរួមមានសម្តេច ជា ស៊ីម សម្តេចហេង សំរិន សម្តេច សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរំដោះប្រទេសចេញពីរបបខ្មែរក្រហម។ ចលនារបស់សម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនដទៃទៀត ជាអ្នកប្រោះជីវិតប្រជាជនកម្ពុជា ប្រោះប្រទេសកម្ពុជា ប្រស់សេរីភាពប្រជាធិបតេយ្យ ប្រស់របបរាជានិយម និងប្រស់អ្វីៗគ្រប់យ៉ាងឱ្យរស់ឡើងវិញ។
ឯកឧត្តមទីប្រឹក្សាបញ្ជាក់ថា សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដំណើរជីវិតប្រៀបដូចព្រះនាងជ័យរាជទេវី ប៉ុន្តែរឹងមាំជាងព្រះនាង គឺក្រោយពេលសម្តេចតេជោហ៊ុន សែន ដឹកនាំយុទ្ធដ៏ស្មោះត្រង់របស់សម្តេច ចេកចេញពីកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចប៊ុន រ៉ានី ត្រូវរស់នៅយ៉ាងវេទនា ជាមួយប្រជាជនខ្មែរទូទាំងប្រទេស រង់ចាំស្វាមីត្រឡប់មករំដោះប្រទេសវិញ។ ដោងរំពឹង និងជឿជាក់យ៉ាងមុតមាំថា នៅថ្ងៃណាមួយស្វាមីនឹងត្រឡប់មករំដោះប្រទេស និងប្រជាជនខ្មែរពីមហាទុក្ខវេទនាជាមិនខាន។ សម្តេចប៊ុន រ៉ានី មានភាពរឹងមាំជាងព្រះនាងជ័យរាជទេវី ត្រង់ថា សម្តេចមិនបណ្តោយឱ្យការទន្ទឹងរង់ចាំក្លាយជាទម្ងន់ ក្លាយជាអម្រែកលើផ្លូវចិត្ត និងរាងកាយរបស់សម្តេចឡើយ ដោយសម្តេចបានពង្រឹងខ្លួនឯងយ៉ាងរឹងមាំ មិនទន់ជ្រាយ ប្រៀបបាននឹងដែកថែប ដែលត្រូវបានគេលត់ដំម្តងហើយម្តងទៀត ក្នុងជំរំការងារ ដ៏គួរឱ្យភ័យរន្ធត់តក់ស្លុត និងទីបំផុត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជួប សម្តេចហ៊ុន សែន វិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៨០ ក្រោយពីប្រទេស និងប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបដ៏ឃោរឃៅបានមួយឆ្នាំ។
ឯកឧត្តមអះអាងថា សៀវភៅ “ទឹកចិត្តអ្នកជួយសង្រ្គោះ” នេះ ក៏បានរៀបរាប់ផងដែរអំពីទឹកចិត្តជាអ្នកជួយសង្រ្គោះ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីកុមារភាព យុវភាព និងបច្ចុប្បន្ន ដែលសម្តេចបង្កើតឱ្យមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងការបង្កើឱ្យមានមូលនិធិកូនភ្លោះ៣ ផ្ទះទេវតា និងក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ របស់សម្តេចកិត្តិព្រឹបណ្ឌិត សម្តេចតេជោហ៊ុន សែន និងកូនចៅរបស់សម្តេច៕