មន្ត្រីរាជការម្នាក់ៗ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងបន្តទទួលបានប្រាក់ឧបត្ថម្ភថវិកាចំនួន៥០,០០០ (ប្រាំម៉ឺន)រៀលពីរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ នឹងធ្វើឡើងដោយបូកបញ្ចូលគ្នា ជាមួយនឹងប្រាក់បៀវត្សប្រចាំខែមេសា និងឧសភាតែម្ដង។

ការបើកប្រាក់បៀវត្សប្រចាំខែមេសានេះនឹងធ្វើឡើងតែមួយលើកឲ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឲ្យបានក្នុងសប្តាហ៍ទី១ នៃខែឧសភា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ នឹងអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈ សង្ឃឹមថា សម្តេច លោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អភិបាលនៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕