ចុងភៅ សេង ហុកហេង បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយមានរៀបចំក្រុមចុងភៅបង្ហាញស្នាដៃចម្អិនមុខម្ហូបយ៉ាងឈ្ងុយឆ្ងាញ់ដែលមានដូចជា ម្ហូបអាហារនិងនំបង្អែមបែបបទខ្មែរ នៅលើផ្លូវថ្មើរជើងសម្រាប់ដើរលំហែរនាមាត់ទន្លេថ្មីនៅខាងមុខព្រះបរមរាជវាំង កាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២៥។

លោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង បានបញ្ជាក់ប្រាប់សារព័ត៌មាន Oknha News ថា៖ការដែល ចុងភៅ សេងហុកហេង បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះក្នុងគោលបំណង ដើម្បីលើកស្ទួយគុណភាពសេវា និងរសជាតិម្ហូបខ្មែរ នំខ្មែរតាម walking street ជាពិសេរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចណ៍ ឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ ស្នាក់នៅនិងកម្សាន្តសប្បាយក្នុងទីតាំងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាយើងបានយូរជាងមុន។


លោកបន្ថែមថា ទន្ទឹមគ្នានេះ ក្រុមការងារ សេងហុកហេង ក៏អាចធ្វើជាគំរូ និងជួយបណ្តុះបណ្តាលបងប្អូនអ្នកលក់ដូរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអ្នកប្រកបរបរលក់ដូរបន្តិចបន្តួច)។ ការនេះ នឹងជួយជំរុញវិស័យទេសចរណ៍អោយកាន់តែល្អប្រសើរ ហើយក៏នឹងបានជួយលើកស្ទួយជីវភាពបងប្អូនក្នុងសេដ្ឋកិច្ចក្រៅបានថែមមួយកម្រិតទៀតផងដែរ។
សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ អាចដើរលំហែរ រាំកម្សាន្ត ទស្សនាទិដ្ឋភាពទីក្រុងនាពេលល្ងាចត្រជាក់ ស្រូបយកខ្យល់អាកាសដើម្បីទទួលបាននូវសុខភាពល្អ នៅលើផ្លូវថ្មើរជើង (Walking Street) ត្រូវបានរដ្ឋបាលនៃសាលារាជធានីភ្នំពេញ រៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ១១ យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមជម្រាបដែរថា សេវាកម្មម្ហូបអាហាររបស់ ចុងភៅ សេង ហុកហេង គឺជាក្រុមចុងភៅដែលមានថ្វីដៃដ៏ចំណាន ទទួលការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទៅ ជាពិសេសម្ចាស់កម្មវិធីគ្រប់ស្រទាប់វណ្ណៈទាំងនៅបណ្ដាខេត្តនិងក្នុងរាជធានីភ្នំពេញ ជាមួយនឹងការរៀបចំលក្ខណៈស្តង់ដារ ធានាបាននូវសុវត្ថិភាពចំណីអាហារ គុណភាពសេវាកម្ម និងការទទួលខុសត្រូវខ្ពស់បំផុត សម្រាប់គ្រប់កម្មវិធីរបស់អតិថិជនរបស់ខ្លួន។ ចុងភៅ សេង ហុកហេង មានភាពប៉ិនប្រសប់ គំនិតច្នៃប្រឌិត ភាពបត់បែនបានគ្រប់កាលៈទេស និងវិវឌ្ឍនភាពតាមគ្រប់សម័យកាល៕















