សហគ្រាស៣ នៅសៀងហៃ មានបំណងពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល  ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែមីនានេះ បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយសហគ្រាសចំនួន៣ នៅសៀងហៃ រួមមាន សហគ្រាស Geoharbour Construction Group, សហគ្រាស Penyao Environmental Protection, និង សហគ្រាស Tri-Wall (Shanghai) Packaging Technology។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពិភាក្សារវាងគណៈប្រតិភូកម្ពុជា និងសហគ្រាសទាំង៣នេះ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈសហគ្រាសទាំង៣ ក៏មានបំណងពង្រីកសកម្មភាពវិនិយោគមកកាន់កម្ពុជាផងដែរ។

លោក ស៊ុន ចាន់ថុល បានជម្រាបជូនដល់សហគ្រាសទាំង៣ អំពីបច្ចុប្បន្នភាពថ្មីៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ លោកក៏បានផ្តល់ការពិគ្រោះយោបល់ជូនដល់ភាគីក្រុមហ៊ុន ដោយផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេសនានា សំដៅធានាឱ្យបានថាវិនិយោគិននឹងទទួលបានព័ត៌មានដែលមានពិតប្រាកដច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដើម្បីបានជាមូលដ្ឋានដល់ការសិក្សាសមិទ្ធិលទ្ធភាព ឈានឆ្ពោះសម្រេចបាននូវការបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។  

  សូមបញ្ជាក់ផងដែរថា សហគ្រាស Geoharbour Construction Group គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ប្រតិបត្តិការរបស់អាកាសយានដ្ឋាន, កំពង់ផែ, ថាមពលដើរដោយពន្លឺព្រះអាទិត្យ, និងសួនឧស្សាហកម្ម។

ដោយឡែក សហគ្រាស Penyao Environmental Protection គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការសាងសង់ និងប្រតិបត្តិការលើអាងប្រព្រឹត្តកម្ម, គ្រប់គ្រងកាកសំណល់, និងទឹកស្អាត។

ចំណែកឯសហគ្រាស Tri-Wall (Shanghai) Packaging Technology គឺជាក្រុមហ៊ុនដែលមានមុសញ្ញាវិនិយោគលើការវេចខ្ចប់គ្រឿងបង្គុំ និងបំណែកយានយន្ត៕