ក្រុមហ៊ុន Mitsui &Co ដែលជាក្រុមហ៊ុនមួយរបស់ជប៉ុន ចាប់អារម្មណ៍ចង់និយោគផ្នែកកសិឧស្សាកម្មនៅកម្ពុជា ដោយក្រុមហ៊ុនសម្លឹងឃើញដំណាំ២ប្រភេទរបស់កម្ពុជា និងចង់ធ្វើការកែច្នៃ គឺស្វាយចន្ទី និងកៅស៊ូ។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាជិកតុជប៉ុន ជាមួយតំណាងក្រុមហ៊ុន Mitsui &Co. ដែលដឹកនាំដោយលោក Takuma Yatsui កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក ឡោ ទិត្យច័ន្ទសុភក្តិ បានជម្រាបជូនតំណាងក្រុមហ៊ុន Mitsui &Co. ដោយសង្ខេបអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្បាប់ស្តីពីការវិនិយោគកម្ពុជា សក្តានុពលតាមវិស័យ និងវឌ្ឍនភាពនៃវិនិយោគជប៉ុននៅកម្ពុជា ។ ដោយលោកក៏បានស្នើដល់លោក Takuma Yatsui ធ្វើការពិចារណាចំពោះការវិនិយោគនៅកម្ពុជាផងដែរ ។

ជាការឆ្លើយតបលោក Takuma Yatsui បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការវិនិយោគផ្នែកកសិឧស្សាកម្ម ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងការកែច្នៃជ័រកៅស៊ូនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ តំណាងក្រុមហ៊ុន Mitsui &Co. ក៏បានលើកឡើងផងដែរថាកម្ពុជាជាប្រទេសសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគជប៉ុនមកធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុនជប៉ុនប្រមាណ៩០ ក្រុមហ៊ុន បានចុះបញ្ជីនៅកម្ពុជា កើនឡើង ២០.៥៥% បើធៀបនឹងឆ្នាំ២០២៣។ ក្រុមហ៊ុនជប៉ុនបានវិនិយោគ រួមមានលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូល រួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាពប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជាផងដែរ៕

