អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាបត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះលើថ្នាលឌីជីថលដើម្បីទទួលអត្ថប្រយោជន៍នានា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្ត ចូលរួមចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលបាននិងបន្តរៀបចំផ្តល់ជូន ដើម្បីអភិវឌ្ឍខ្លួនឯង ក៏ដូចជាសេដ្ឋកិច្ច និងសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយ ដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលដៅផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ៣.៥០០នាក់ លោក ហែម វណ្ណឌី បានលើកឡើងថា៖ “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។”

លោកបានគូសរំលេចពីអត្ថប្រយោជន៍សំខាន់ៗនៃការចុះឈ្មោះដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបាន រួមមានវិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណ ការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខសង្គម លទ្ធភាញទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ ការមិនជាប់កាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។

លោក ប្រាក់ សោភ័ណ្ឌ បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាខេត្តធំជាងគេទី៤ របស់កម្ពុជា មានប្រជាជនជាង ១,២ លាននាក់។  លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ លោកក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្វែងយល់អំពីអត្ថប្រយោជន៍ និងចុះឈ្មោះចូលរួមឱ្យបានច្រើន ដើម្បីរាជរដ្ឋាភិបាលអាចកសាងមូលដ្ឋានទិន្នន័យសម្រាប់ផ្តល់ការគាំទ្រ និងអន្តរាគមន៍បានចំគោលដៅ។

គិតត្រឹមថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលសំណើចុះឈ្មោះចំនួន ៣៣.៨០៤ ដោយក្នុងនោះមានកម្មករ-និយោជិតចំនួន ១.៨៥៥, សហគ្រាសធុនមីក្រូចំនួន ១.១៦៩, និងបុគ្គលស្វ័យនិយោជន៍ចំនួន ៣០.៧៨០ នាក់ ។ ខេត្តសៀមរាបស្ថិតនៅលេខរៀងទី៧ ដែលមានការស្នើសុំចុះឈ្មោះចំនួន ១.៤៦៦សំណើ ហើយយុទ្ធនាការនេះគឺដើម្បីពន្លឿនការចុះឈ្មោះក្នុងខេត្តសៀមរាបឱ្យបានកាន់តែច្រើន។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB ៕