ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានិងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសហការ រៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ” នៅវិមានរដ្ឋសភា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ -២០ មីនា ២០២៥) និងចែករំលែកចំណេះដឹង អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។
ការរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ លើកកម្ពស់ប្រាក់រៀល និងការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងក្នុងការតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនៃគោលនយោបាយលើកកម្ពស់ប្រាក់រៀល គឺជាការងារអាទិភាពមួយ ដើម្បីធានាថាការលើកកម្ពស់ប្រាក់រៀលនឹងប្រព្រឹត្តទៅប្រកបដោយសង្គតិភាពនិងបន្តមានកំណើនប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានថ្លែងថា៖«សិក្ខាសាលាមានគោលបំណងលើក កម្ពស់ការយល់ដឹង និងការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាការអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០ – ២០ មីនា ឆ្នាំ២០២៥)»។
លោក បានគូសបញ្ជាក់ថា៖ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមគាំទ្រទាំងស្រុងដល់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុក្របខ័ណ្ឌនយោបាយរូបិយវត្ថុដែលបានធ្វើទំនើបកម្មជាបន្តបន្ទាប់ជាពិសេសក្នុងការឆ្លើយតបទៅនឹងយុគសម័យឌីជីថល ក៏ដូចជាការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិបតេយ្យជាតិធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើងនិងពង្រឹងនូវអត្តសញ្ញាណជាតិ និងភាពធន់។
លោកអនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍លើកឡើងថា« ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ, បានកសាងជំនឿទុកចិត្ត, ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖កាលពី៤៥ឆ្នាំមុន ប្រាក់រៀលបានត្រូវដាក់ចេញឱ្យចរាចរឡើងវិញដើម្បីរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិនិង គាំទ្រដំណើរការស្តារសេដ្ឋកិច្ចជាតិចេញពីបាតដៃទទេក្រោយរបបប៉ុលពតដែលបានបំផ្លាញរាល់ខឿនសេដ្ឋកិច្ច និងសង្គមជាតិ។
ដោយសារការអូសបន្លាយសង្គ្រាមស៊ីវិលជាងបីទស្សវត្សរ៍ ជាពិសេសរបបខ្មែរក្រហម បានបំបាត់ប្រាក់រៀលមិនឱ្យចរាចរទៀតនោះទំនុកចិត្តមកលើប្រាក់រៀលបានបាត់បង់ទាំងស្រុង ហើយការស្តារទំនុកចិត្តឡើងវិញ វាជាការលំបាកបំផុត។លើសពីនេះការហូរចូលយ៉ាងសន្ធឹកសន្ធាប់នូវប្រាក់ដុល្លារក្នុងដើមទស្សវត្សរ៍១៩៩០ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលយកប្រាក់ដុល្លារអាមេរិកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ ។
លោកស្រីទេសាភិបាល បានលើកឡើងថា៖« ទោះជាយ៉ាងណាក៏ដោយ នារយៈពេល២ទស្សវត្សរ៍ចុងក្រោយក្រោមដំបូលសុខសន្តិភាពដែលទទួលបានពីនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចមានវឌ្ឍនភាពយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយកម្រិតទាបនៃអតិផរណា»៕


