បន្ទាប់ពីការងើបឡើងវិញនៃវិស័យថ្មអារនៅកម្ពុជាក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី គណៈប្រតិភូក្រសួងរ៉ែ និងថាមពល បានបន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត។

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមីនាថា បច្ចុប្បន្ន ថ្មអារកម្ពុជាបានក្លាយជាថ្មពេញនិយមមួយនៅទីផ្សារប្រទេសចិន និងបន្តការនាំចេញទៅសហរដ្ឋអាមេរិក និងជប៉ុន សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់មានដូចជាក្រាលចិញ្ចើមផ្លូវ ក្នុងផ្ទះ ចង្រ្កានបាយ បន្ទប់ទឹក។ ល។

សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៤ បរិមាណផលិតកម្មថ្មអារសន្លឹកនាំចេញមានជាង៣លានម៉ែត្រការ៉េ ដែលចំនួននេះមានកំណើនគួរឱ្យកត់សម្គាល់ និងបរិមាណផលិតកម្មថ្មអារប្លុកនាំចេញផលិតបានជាង ២២ម៉ឺនម៉ែត្រគូប។ ថ្មអារនាំចេញទៅប្រទេសចិន ប្រទេសវៀតណាម ប្រទេសអ៊ីតាលី កាណាដា និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។(នេះបើតាមអនុប្រធានសមាគមន៍ថ្មអារកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះ)។
ក្នុងឆ្នាំ ២០២៤កន្លងទៅនេះដែរ អាជីវកម្មរ៉ែថ្មអារ ក្នុងប្រទេសកកម្ពុជា បានរកចំណូលជូនរដ្ឋបានប្រមាណ៩០លានដុល្លារអាមេរិក ហើយរំពឹងថាអាជីវកម្មនេះ នឹងអាចរកចំណូលកើនឡើង១០ដងបន្ថែមទៀតនៅពេលដែលមានការវិនិយោគកែច្នៃ និងនាំចេញនាពេលឆាប់ៗនេះ។
ថ្មីៗកន្លងមកនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានថ្លែងថា កម្ពុជា ជាប្រទេសដែលសំបូរដោយធនធានរ៉ែជាមួយនឹងសេដ្ឋកិច្ចបើកចំហ ហើយការនាំចេញក្នុងវិស័យថ្មអាររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាបច្ចុប្បន្នមានកំណើនរហូតដល់ ៤ដង ដែលនេះលទ្ធផលជាទីមោទនៈ ដោយរាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការប្រែក្លាយវិស័យមួយនេះឱ្យមានភាពរីកចម្រើនខ្លាំង៕


