គម្រោងកំពង់ផែទេសចរណ៍ថ្មីខ្នាតយក្ស ក្នុងទឹកដីជាប់មាត់សមុទ្រ ខេត្តកំពត បច្ចុប្បន្នសម្រេចការសាងសង់បានលើសពី៥០%ហើយ ខណៈការបញ្ចប់ការសាងសង់អាចនឹងយឺតពេលដែលបានគ្រោងទុក ព្រោះដោយសារវិបត្តិកូវីដ ១៩។
កំពង់ផែទេសចរណ៍ថ្មីនេះមានបណ្តោយ ៣០០ ម៉ែត្រ និងមានសមត្ថភាពអាចឲ្យផ្ទុកនាវាដឹកអ្នកដំណើរចំណុះពី ៣០០ ទៅ ៤០០ នាក់ចូលចតបាន។ ហើយគ្រោងចំណាយទឹកប្រាក់ ១០ លានដុល្លារអាមេរិកសាងសង់លើទំហំផ្ទៃដី៤ហិកតា និងមានជម្រៅ ៤,៥ម៉ែត្រ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពត មានកំពង់ផែចំនួន៤ រួមមាន កំពង់ផែ វិញហួរ មានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ កំពង់ផែឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗ និង គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះតែម្ដង។
