នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia )លោក Tan Sri Tony Fernandes បានលើកឡើងថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍ ខណៈក្រុមហ៊ុនប្តេជ្ញាក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
លោក Tan Sri Tony Fernandes បានបង្ហាញពីមានមោទនភាព ដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍។
លោកជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។

ក្នុងន័យនេះ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការដាក់ចេញនូវយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។
ជាមួយគ្នានោះ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន AirAsia ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានសរុបចំនួន ៦,២៤ លាននាក់ កើនឡើងប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កើនឡើង ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣៕
