សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពិធីបំពាក់ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងពិធីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ពីមូលហេតុ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មិនបានទទួលឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥។ សម្តេចតេជោ បានពន្យល់ថា សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺស្ថិតក្នុងក្របខណ្ឌស៊ីវិលនោះទេ។ ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានរំលឹកផងដែរថា កាលពីអំឡុងឆ្នាំ១៩៩៧-១៩៩៨ សម្តេច ស ខេង ចង់ត្រឹមតែពាក់សក្តិ៥ប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់អ្នកមានបំណងចង់បំបែកបំបាក់ផ្ទៃក្នុង ដូច្នេះថា៖ «សូមកុំមកព្យាយាមបំបែកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ អ្នកឯងកាន់តែបំបែកខ្ញុំ អ្នកឯងកាន់តែបែកខ្លួនឯង»។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ឥស្សរជន៥រូបហើយ ដែលទទួលបានឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ក្នុងនោះរួមមាន សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេច ហ៊ុន សែន, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន៕

