មូលនិធិរូបិយវត្ថុអន្តរជាតិ រំពឹងថា នៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញ ក៍ប៉ុន្តែហាក់មានភាពមិនស្មើសាច់នៅឡើយ និងអាចប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា។
យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យទេសចរណ៍អាចបន្តធ្លាក់ចុះ ដោយសារការទទួលបានថ្នាំបង្ការទាមទារនូវពេលវេលា, ការលេចចេញមកមេរោគកូវិដ១៩ ប្រភេទថ្មី, ការស្ទាក់ស្ទើរក្នុងការធ្វើដំណើររបស់ទេសចរអន្តរជាតិដោយសារការភ័យខ្លាចឆ្លង និងការថយចុះចំណូល និងសន្សំ។
របាយការណ៍ដដែលបន្តថា វិស័យកម្មន្តសាល រំពឹងថានឹងងើបឡើងជាលំដាប់ ជាពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលវិស័យកសិកម្មរំពឹងថា នឹងបន្តមានកំណើនល្អដូចឆ្នាំ២០២០ដែរ។ ចំណែកវិស័យសំណង និងអចលនទ្រព្យ រំពឹងថាងើបឡើងសន្សឹមៗ ស្របពេលជាមួយនឹងកំណើនវិនិយោគផ្ទាល់បរទេស។
វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូន នឹងអាចបន្តកើនឡើងវិញ ប៉ុន្តែក្នុងល្បឿនយឺត ដោយសារការធ្លាក់ចុះទេសចរអន្តរជាតិ បើទោះបីជាទេសចរក្នុងស្រុកមានភាពសកម្មជាងមុនក៏ដោយ។
ក្នុងបរិការណ៍ដែលថ្នាំបង្ការមានប្រសិទ្ធភាពអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានក្នុងឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងអាចងើបឡើងវិញក្នុងរង្វង់ ៤% ហើយអត្រាអតិផរណានឹងមានកម្រិតក្រោម ៣% ដែលអាចគ្រប់គ្រងបាន៕