ការផ្គត់ផ្គង់បន្លែរបស់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់នឹងកើនដល់៣តោន ក្នុងមួយថ្ងៃ នាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ បានបង្ហាញក្តីរំពឹងថា ការផ្គត់ផ្គង់បន្លែរបស់សហគមន៍នៅលើទីផ្សារនាពេលខាងមុខ អាចនឹងកើនដល់ចំនួន៣តោនក្នុងមួយថ្ងៃ នៅពេលដែលគម្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួន១០០ខ្នង ជ្រើសរើសបានក្រុមហ៊ុនទទួលការសាងសង់ផ្ទះសំណាញ់នៅពាក់កណ្តាលខែមេសាខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់បានឱ្យដឹងថា គម្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួន១០០ខ្នង នឹងធ្វើការដាក់ឱ្យដេញថ្លៃជ្រើសក្រុមហ៊ុនទទួលការសាងសង់យ៉ាងយូរនៅពាក់កណ្តាលខែមេសាខាងមុខ ហើយពេលជ្រើសរសើបាន ខាងសហគមន៍នឹងរៀបចំចុះកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនភ្លាមៗ។

លោកលើកឡើងថា “តាមការប៉ាន់ប្រមាណរបស់សហគមន៍ បើការសាងសង់ផ្ទះសំណាញ់បន្ថែមចំនួន១០០ខ្នងសម្រេចបានតាមការគ្រោងទុកនៅក្នុងឆ្នាំ២០២៥នេះ ខ្ញុំគិតថាបរិមាណនៃការផ្គត់ផ្គង់បន្លែទៅលើទីផ្សារមានរង្វង់៣តោននៅក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នយើងប្រមូលផលបន្លែក្នុងមួយថ្ងៃបានតែ១,៥តោនទៅ២តោនក្នុងមួយថ្ងៃ”។

គួរម្លឹកផងដែរថា នៅថ្ងៃទី១៨ខែមីនា កន្លងមកនេះ សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគសាងសង់ផ្ទះសំណាញ់១០០ខ្នងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP។

ការចុះអនុស្សរណៈខាងលើមានគឺដើម្បីពង្រីកទំហំ និងពង្រឹងខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាព ឱ្យក្លាយជាធុរកិច្ចដែលមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈ ការរៀបចំផែនការដាំដុះជាក់លាក់ ការកែលម្អបច្ចេកទេសការបង្កើនគុណភាព និងការពង្រឹងភាពជាដៃគូធុរកិច្ចក្នុងទិសដៅបង្កើនប្រាក់ចំណូលដល់សមាជិកក្រុមផលិត និងសហគមន៍។

ពាក់ព័ន្ធនិងការទទួលបានគម្រោងវិនិយោគខាងលើ លោក អ៊ុន អឿន បានអះអាងថា “យើងកំពុងអបអរសាទរនូវអ្វីដែលយើងទទួលបានផលប្រយោជន៍ ដែលមានទឹកប្រាក់ច្រើនលានដុល្លារ សម្រាប់ជួយដល់សហគមន៍។ យើងបាននិងកំពុងធ្វើការកិច្ចសហការនិងដើរតាមផែនការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាលចាំមើលការអភិវឌ្ឍន៍នេះបន្តទៀត នៅក្នុងមូលដ្ឋានរបស់យើង”៕SL