ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. ដែលមានមុខសញ្ញាវិនិយោគលើការផ្គុំដំឡើងនាវា បានបង្ហាញពីបំណងរបស់ខ្លួនចង់ពង្រីកផែនការវិនិយោគរបស់ខ្លួននៅកម្ពុជានាពេលខាងមុខ។

នេះបើយោងតាមដំណើរទស្សនកិច្ចរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd នាទីក្រុងសៀងហៃ ប្រទេសចិន កាលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញក្តីរីករាយចំពោះគណៈប្រតិភូកម្ពុជា ដែលមកកាន់ក្រុមហ៊ុនរបស់លោកនាឱកាសនេះ។ លោក ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួនមកកាន់កម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង, ការនាំចេញនាវាពីសៀងហៃចូលមកទីផ្សារកម្ពុជា, ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូបភាពភាគហ៊ុនិក, និងការបោះទីតាំងផលិតនាវាជាដើម។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានសម្តែងវាយតម្លៃខ្ពស់ជូនចំពោះភាពរីកលូតលាស់របស់ក្រុមហ៊ុន ដែលគួរយកជាករណីសិក្សា។ ជាមួយគ្នានេះ លោក ក៏បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចការងារនៅកម្ពុជាដើម្បីសិក្សាឈ្វេងយល់បន្ថែមពីបរិយាកាសវិនិយោគ និងធុរកិច្ច សំដៅពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការច្បាមយកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសក្រុមហ៊ុនផ្ទាល់៕អត្ថបទ៖ហ្សាលីន

