ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី នៅថ្ងៃទី២១ ខែមីនានេះ បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជាង២ម៉ឺននាក់ មកទស្សនានិងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២១ខែមីនានេះថា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ២០ ៤៥០នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣ ៦០០នាក់ និងភ្ញៀវខ្មែរចំនួន ១៦ ៨៥០នាក់ ដើម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។

ក្រសួងទេសចរណ៍បានបញ្ជាក់ផងដែរថា ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកថ្ងៃទី២១នេះ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺពណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន។
សូមជម្រាបថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។
ថ្ងៃទី២១ ខែមីនានេះ ជាសមរាត្រីរដូវប្រាំង នៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ចាប់ពីម៉ោង ៥:០០ ព្រឹក ដល់ ៦:៣០ ព្រឹក៕
