លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងថា គម្រោងសិក្សាអំពីលទ្ធភាពនៃការសាងសង់ព្រលានយន្តហោះថ្មីនេះជិតចប់ហើយ ដោយតាមការប៉ាន់ប្រមាណពីតម្លៃត្រួសៗនៃការសាងសង់ព្រលានថ្មីនេះ អាចនឹងត្រូវចំណាយថវិកាប្រមាណ ១០០ លានដុល្លារ ដែលជាអាកាសយានដ្ឋានលំដាប់ 4C។ នេះបើយោងតាមគេហទំព័រកម្ពុជាថ្មី ចុះផ្សាយនៅថ្ងៃពុធនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្នអាកាសចរស៊ីវិល ត្រូវធ្វើការពិភាក្សា នឹង ពិគ្រោះយោបល់អំពីនិតិវិធី ដែលត្រូវធ្វើ ហើយនឹងត្រូវការចំណាយពេល៦ ទៅ ៨ខែ ទើបដឹងថាតើរដ្ឋាភិបាលអាចចាប់ផ្តើមគម្រោងនៅពេលណា។
បើតាម លោកស៊ីន ចាន់សិរីវុត្ថា ការពិភាក្សានេះគឺត្រូវទាមទារលក្ខខណ្ឌតម្រូវការច្រើនដើម្បីឲ្យភាគីទាំងពីរ អនុវត្តការងារទៅបាន ទាំងភាគីឯកជនចង់បានអ្វី ហើយរដ្ឋមានបំណងយ៉ាងម៉េច ក្នុងការដាក់បញ្ចូលគ្នា ហើយដល់ពេលឯកភាពគ្នារួចហើយ ទើបរដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀងសម្បទាន ចាប់ផ្តើមសាងសង់។
លិខិតរបស់ទីស្តីការណ៍គណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដឹកនាំនិងរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន Powerchina International Group សាងសង់ព្រលានថ្មី តាមនីតិវិធីជាធរមានដូចបានអនុវត្តកន្លងមកសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិត។
អភិបាលខេត្ត មណ្ឌលគិរី ស្វាយ សំអ៊ាង បានបញ្ជាក់កាលពីខែកក្កដាឆ្នាំមុនថា អាជ្ញាធរខេត្តបានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី រួចហើយ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ហើយទីតាំងព្រលានចាស់ត្រូវអភិវឌ្ឍទៅជាសួនសាធរណៈ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍ ទៅលើការសាងសង់ព្រលានយន្តហោះកម្រិតតំបន់នៅខេត្តមណ្ឌលគិរី ដោយសម្រេចជ្រើសយកយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
រដ្ឋាភិបាល បានសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន Powerchina International Group ជាដៃគូចូលរួមក្នុងគម្រោង សិក្សាទៅលើការសាងសង់ព្រលានយន្តហោះថ្មីនេះ ដោយក្រុមហ៊ុនជាអ្នកទទួលបន្ទុករាល់ការចំណាយលើការសិក្សាអំពីលទ្ធភាព ដែលត្រូវអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល។