អ្នកឧកញ៉ា លាង ពៅ(ភីធើរ) និងគ្រួសារ REV UP Cambodia ប្រមូលថវិកាជិត៥០ លានរៀលនិងឧបត្ថម្ភទឹកសុទ្ធ​កម្ពុជា ៤០០កេស ជួយដល់សាលារៀន មណ្ឌលកុមារកំព្រានិងមណ្ឌលស្ដារនិតិសម្បទាអ្នកញៀនគ្រឿងញៀន

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍ Sunday Drive ដែលមានក្បួនរថយន្ត Rev Up Cambodia x Chip Mong រាប់សិបគ្រឿងដឹកនាំដោយអ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន និងជាស្ថាបនិក Rev Up Cambodia ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ កាលពីដើមខែមីនាឆ្នាំ ២០២៥ កន្លងទៅ ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងផ្សារភ្ជាប់នឹងការងារសប្បុរសធម៌ជួយដល់សាលារៀននិងសហគមន៍កំពុងជួបការខ្វះខាត។ ក្នុងនោះដែរ Rev Up Cambodia មានសេចក្តីសោមនស្សរីករាយបានពាំនាំកញ្ចប់ថរិកាសប្បុរសធម៌ប្រមូលបានពីសប្បុរសជនដែលជាសមាជិកក្រុមគ្រួសារ Rev Up សរុបចំនួន 48,664,000 រៀល និងឧបត្ថម្ភទឹកសុទ្ធកម្ពុជាសរុបចំនួន៤០០កេស ដោយក្នុងមួយអង្គភាពទទួលបានទឹកសុទ្ធកម្ពុជាចំនួន១០០កេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សកម្មភាពសប្បុរសធម៌របស់ក្បួនរថយន្ត Rev Up Cambodia x Chip Mong

Rev Up Cambodia ដែលមានអ្នកឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍ថា៖ “កម្មវិធីមួយនេះគឺជាចំណុចប្រសព្វរវាងអ្នកស្រឡាញ់ខាងវិស័យយានយន្ត រួមដៃគ្នាជម្រុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតៗយ៉ាងសម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក ក្រោមពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ។” អ្នកឧកញ៉ា លាង ពៅ (ភីធើរ) តែងតែនាំយកភាពជោគជ័យមកជូនប្រជាជនកម្ពុជា និងនាំពិភព លោកឲ្យកាន់តែស្គាល់ពីតំបន់សក្តានុពលទេសចរណ៍ វប្បធម៌ ប្រាង្គប្រាសាទ ក៏ដូចជាស្នាមញញឹមប្រជាជនខ្មែរ តាមរយៈសកម្មភាពជាវិជ្ជមាននិងកិច្ចសហការនាំយកព្រឹត្តិការណ៍ Gumball 3000 X Chip Mong ធ្វើដំណើរចូលមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឈានទៅបំបែកកំណត់ត្រាពិភពលោក Guiness World Record ពីការចតរថយន្ត Super Car ច្រើនជាងគេបំផុតនៅមុខប្រាសាទអង្គរវត្ត ដែលបានរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងវិស័យ ទេសចរណ៍ ក៏ដូចជាកំណើនសេដ្ឋកិច្ចផងដែរ។

ចំណែកឯកិច្ចការមនុស្សធម៌អ្វីដែលប្រតិភូ Rev Up Cambodia មិនអាចចោលបានទាល់តែសោះនោះគឺជាការបរិច្ចាគជួយត្រឡប់ទៅសង្គមវិញ តាមរយៈការរៃអង្គាសថវិកាពីព្រឹត្តិកាណ៍ Sunday Drive ដោយយកមកឧបត្ថម្ភទាំងស្រុងជូនទៅកាន់អង្គភាពទាំងបួននៅខេត្តព្រះសីហនុ។ អង្គភាពទាំងបួននោះរួមមាន៖ អនុវិទ្យាល័យតេជោសែនកម្មករ វិទ្យាល័យ ហ៊ុនសែន មិត្តភាព អង្គការម្លប់តាប៉ាង និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

សូមជម្រាបដែរថា អង្គការម្លប់តាប៉ាង ជាអង្គការសប្បុរសធម៌ដែលបានមើលថែទាំដល់កុមារប្រមាណជាង ៥,០០០នាក់ ដោយផ្តល់នូវសុខសុវត្ថិភាព ការមើលថែទាំសុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាលការងារផ្សេងៗប្រកបដោយសុវត្ថិភាព ការប្រឹក្សាយោបល់ ការគាំទ្រផ្នែកចិត្តសង្គម ការពង្រឹងនិងការការពារគ្រួសារពីការរំលោភបំពានផ្សេងៗនៅ ក្នុ​​​ងខេត្តព្រះសីហនុ។ រីឯមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា ផ្តល់សេវាស្ដារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនឱ្យមានប្រក្រតីភាព ទទួលបានចំណេះជំនាញមុននឹងធ្វើសមាហរណកម្មទៅក្នុងសហគមន៍និងក្រុមគ្រួសារវិញ៕