មន្រ្តីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញ និងលើកទឹកដល់និសិ្សតកម្ពុជាដែលនឹងត្រូវទៅសិក្សានៅប្រទេសជប៉ុន ឱ្យជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគកម្ពុជា សំដៅទាក់ទាញកំណើនវិនិយោគ។

ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុង“ជំនួបចែករំលែកបទពិសោធន៍ និងមតិផ្តាំផ្ញើ ដល់និសិ្សតកម្ពុជាដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៥ (MEXT Scholarship for 2025)” ដែលធ្វើនៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍។
កម្មវិធីជំនួបខាងលើនេះ បានធ្វើឡើងក្រោមវត្តមាន លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ ចំនួន ៣១នាក់ ដែលត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសនោះ លោក សរ សិនិរ៉ា បានអបអរសាទរដល់ក្រុមនិស្សិតដែលបានទទួលជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូន ក្រុមនិស្សិតឱ្យបានយល់អំពីរចនាសម្ព័ន្ធ និងបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ប្រមាណជា ៣០ឆ្នាំកន្លងមកនេះ។
បន្ថែមលើនេះ លោកក៏លើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ CDC ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលរូបនីយកម្ម ក្នុងការផ្តល់ សេវាជូនវិនិយោគិន។

ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់ខាងលើ ក៏បានសំណូមពរ ដល់ក្រុមនិស្សិតក្នុងអំឡុងពេលដែលខ្លួនបំពេញបេសកកម្មសិក្សា និងស្រាវជ្រាវនៅប្រទេសជប៉ុន សូមចូលរួមចំណែក ដើរតួជាភ្នាក់ងារទូត ក្នុងការផ្សាព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសទៅដល់សហគមន៍ដែលខ្លួនរស់នៅដើម្បីជំរុញឱ្យគេមកវិនិយោគ ឬមកទស្សនាកម្ពុជា។
តាមរយៈជំនួបនេះដែរ លោកក៏បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ក្រុមនិស្សិតនឹងទទួលបានជោគជ័យក្នុងបេសកកម្មសិក្សានិងស្រាវជ្រាវ នៅប្រទេសជប៉ុន ហើយអភិវឌ្ឍន៍ខ្លួនទៅជាធនធានមនុស្សដ៏មានតម្លៃកាន់តែខ្ពស់សម្រាប់គ្រួសារ និងសម្រាប់ជាតិមាតុភូមិ។
សូមរម្លឹកដែរថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន