ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញ និងស្នើឱ្យរួមគ្នាដោះស្រាយបញ្ហាជំងឺរបេង ខណៈកម្ពុជាអត្រាឈឺ និងស្លាប់ដោយសារជំងឺនេះ នៅមានកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក ។

សម្តេចថ្លែងបែបនេះ ក្នុងឱកាសខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ « មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្ដេជ្ញា វិនិយោគអនុវត្ត » (Yes! We Can End TB : Commit, Invest, Deliver ) នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥។
នាឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូរបស់សង្គមជាតិទាំងមូល។

ទន្ទឹមគ្នានេះ តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរៀបរាប់ថា អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ៣៣៥ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៣ គឺបានថយចុះ ៤២% ផងដែរ។
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ដែរថា ទោះបីជាកម្ពុជាទទួលបានជោគជ័យក៏ដោយ ក៏កម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ ក្នុងស្មារតីនេះ ទាំងអស់គ្នាត្រូវបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
សូមជម្រាបដែរថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាប្រេវ៉ាឡង់ជំងឺរបេង និងស្លាប់ដោយសារជំងឺរបេងនេះ នៅមុនកាលកំណត់៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយដែលមានប្រទេសតិចតួចប៉ុណ្ណោះនៅលើសកលលោកអាចសម្រេចបាន។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ ហ្សាលីន