លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិបានកាន់តែប្រសើរ។

លោកលើកឡើងបែបនេះ នៅក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ហែម វណ្ណឌី បានឱ្យដឹងថា ផែនការប្រតិបត្តិនេះដែលដាក់ឱ្យប្រើប្រាស់នេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការរៀបចំយន្ដការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។

ទន្ទឹមគ្នានេះ លោក ហែម វណ្ណឌី បានលើកឡើងថា៖“ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។”
បើតាមក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីជំរុញសមាហរណកម្មពួកគេទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់សមភាពសង្គម៕ អត្ថបទ៖ ហ្សាលី