១៥ឆ្នាំមកនេះ សមត្ថភាពផលិតថាមពលអគ្គិសនីរបស់កម្ពុជាបានកើនឡើងជាង ៨ ដង

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល ១៥ឆ្នាំមកនេះ សមត្ថភាពផលិតថាមពលអគ្គិសនីរបស់កម្ពុជាបានកើនឡើងជាង ៨  ដង បច្ចុប្បន្ន៩៩% នៃភូមិទាំងអស់ទទួលបានអគ្គិសនីពីបណ្តាញបញ្ជូនជាតិ។ នេះបើតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ សមត្ថភាពផលិតថាមពលអគ្គិសនីរបស់កម្ពុជាបានកើនឡើងជាង ៨ ដង។ សព្វថ្ងៃនេះ ៩៩% នៃភូមិទាំងអស់នៅកម្ពុជាទទួលបានអគ្គិសនីពីបណ្តាញបញ្ជូនជាតិ។   គម្រោងថាមពលថ្មីៗបន្តទៀត នឹងផ្តោតលើការផ្តល់ការងារដល់ស្ត្រីឱ្យបាន ៦០% នៅក្នុងការសាងសង់ និង ៥០% នៅក្នុងការធ្វើប្រតិបត្តិការ។

បើតាមក្រសួងរ៉ែ វឌ្ឍនភាពនេះបានពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកកម្ពស់បរិយាបន្ន។

សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% គឺកើនឡើងចំនួន ០,២៨% បើប្រៀបធៀបឆ្នាំ២០២៣ ដែលមកដល់ចុងឆ្នាំ ២០២៤ នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១២០»។

អាជ្ញាធរអគ្គិសនីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ផ្អែកតាមគម្រោងផែនការ ក្នុងឆ្នាំ២០២៥ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៥១ ភូមិទៀត។ ដូច្នេះ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៦៩ ត្រូវជា ០.៤៩% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំងតំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់ នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន ប្រសិនបើយើងត្រូវអភិវឌ្ឍការផ្គត់ផ្គង់ពីប ណ្តាញជាតិទៅកាន់ទីនោះ។

គួរបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៤ ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនដល់ ៣,៨៥៥,៨៨០ទីតាំង គឺកើនឡើងចំនួន ១៥០,៣៧៥ទីតាំង បើប្រៀបធៀបឆ្នាំ២០២៣។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០២៤ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួច មានចំនួន ៣,៥៩៨,២៣៩ ស្មើ ៩៥,២៤%នៃលំនៅឋានសរុប៕