ចង់ទៅកោះកុង កុំបាច់បារម្ភរឿងផ្លូវ ពេលនេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល៩៣,២៨%ហើយ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនានេះថា ស្ទើរគ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)បានរួចរាល់ហើយ ដែលមានន័យថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល អមដោយរុក្ខជាតិ ព្រៃព្រឹក្សាខៀវស្រងាត់ ត្រជាក់ភ្នែក ជាទីដ៏មនោរម្យមិនអាចកាត់ថ្លៃបាន។
លោកបន្តថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល៩៣,២៨%ហើយ។
គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងសម្រុកអ៊ុត AC, គូសគំនូសចរាចរណ៍បែកចែកទ្រូង, ដំឡើងបង្គោលគីឡូម៉ែត្រ, ដំឡើងផ្លាកសញ្ញាចរាចរណ៍, ដំឡើងផ្លាកសញ្ញាកំណត់ល្បឿន…។ល។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨,០៣៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកការដ្ឋានសាងសង់កាលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះក៏ដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេសផងដែរ៕





