រាជធានីភ្នំពេញ – ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រកាសនៅថ្ងៃនេះ នូវសមិទ្ធផលដ៏សំខាន់ក្នុងការបន្តកំណើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើអតិថិជន និងសាធារណជននៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០២០ ធនាគារបានចាប់ផ្តើមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងទ្រព្យសកម្ម ២៤៣.៨ លានដុល្លារអាមេរិក ឥណទាន ១៩៦.៩ លានដុល្លារអាមេរិក និងប្រាក់បញ្ញើ ១១៨.៧ លានដុល្លារអាមេរិក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក៏ទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ហើយបានពង្រីកសាខា ៤៥ ទូទាំងប្រទេស និងបុគ្គលិកបម្រើការ ១.១៥៧ នាក់ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនជាង៣៣ពាន់នាក់។ លើសពីនេះ ធនាគារបានកែលម្អសាខា និងដាក់ដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្ត (ATM/CRM) នៅទូទាំងប្រទេស ព្រមទាំងដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងសេវាភតិសន្យាផងដែរ។

ក្នុងឆ្នាំ ២០២១ ធនាគារបានជំរុញឌីជីថលតូបនីយកម្ម ដោយដាក់ឱ្យដំណើរការធនាគារចល័ត និងបន្ថែមការទូទាត់ QR លើធនាគារចល័ត។ ឆ្នាំ ២០២២ ធនាគារបានពង្រីកសេវាកម្ម ដោយដាក់ឱ្យដំណើរការបណ្ណវីសា និង KHQR។ ឆ្នាំ ២០២៣ ធនាគារបានពង្រឹងមូលធនដល់ ១០០ លានដុល្លារអាមេរិក កើនពី៧៥ លានដុល្លារអាមេរិក និងដំណើរការប្រព័ន្ធធនាគារស្នូល T24 (ដំណាក់កាលទី១)។ ក្នុងឆ្នាំ ២០២៤ ធនាគារបានធ្វើទំនើបកម្មប្រព័ន្ធពេញលេញ ដោយប្តូរប្រព័ន្ធធនាគារស្នូលទៅ T24 ទាំងស្រុង និងដាក់ឱ្យប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណមុនគេនៅកម្ពុជា។
គិតត្រឹមខែកុម្ភះ ឆ្នាំ ២០២៥ ធនាគារបានសម្រេចបានកំណើនដ៏ខ្លាំងក្លាជាមួយនឹងទ្រព្យសកម្ម ១,១០២ លានដុល្លារអាមេរិក ឥណទាន ៨៤១ លានដុល្លារអាមេរិក ប្រាក់បញ្ញើ ៨២៦ លានដុល្លារអាមេរិក អតិថិជនជាង ១៣៨ ពាន់នាក់ និងបុគ្គលិក ១.៣៧៩ នាក់។

“ធនាគារនៅតែបន្តធ្វើនវានុវត្តន៍សេវាហិរញ្ញវត្ថុ ធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យាឌីជីថល ធនាគារចល័តតាមទូរសព្ទដៃ និងសេវាគាំទ្រផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងកំណើន និងការរីកចម្រើនរបស់ធនាគារពីមួយឆ្នាំទៅមួយឆ្នាំ” នេះបើប្រសាសន៍របស់លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ។ លោក អគ្គនាយកបានឱ្យដឹងទៀតថា “សូមថ្លែងនូវអំណរអរគុណ ចំពោះអតិថិជនដែលបានគាំទ្រ ភាគហ៊ុនិក និងបុគ្គលិកទំាងអស់ដែលបានប្រឹងប្រែងព្រមគ្នា និងជាពិសេសធនាគារជាតិនៃកម្ពុជាក្នុងការគាំទ្រ និងបង្កលក្ខណៈងាយស្រួល ដែលធ្វើធនាគារ អេស ប៊ី អាយ លី ហួរ មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប្រាំឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់អតិថិជននៅទូទាំងប្រទេស។“
ស្ថិតក្នុងខួប៥ឆ្នាំនៃប្រតិបតិ្តការ និងបន្តទៅអនាគត ធនាគារ អេស ប៊ី អាយ លី ហួរ បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងបរិយាប័ន្ន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាជានិច្ច។

អំពីធនាគារ អេស ប៊ី អាយ លី ហួរ ម.ក៖
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៥១ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង និងមានការសហការដៃគូរដាក់ និងដកប្រាក់ជាមួយក្រុមហ៊ុន លី ហួរវេរលុយចំនួនជាង៣០០០ កន្លែងនៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនយើង។

ស្របពេលជាមួយគ្នានេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមនូវម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សេវាផ្ទេរប្រាក់នៅក្នុង និងក្រៅស្រុក តាមរយៈប្រព័ន្ធ Swift, Ripple, MoneyGram និងធ្វើទំនើបកម្មធនាគារចល័តឌីជីថលបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងទៅតាមតម្រូវការរបស់អតិថិជន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ របស់ ធនាគារ អេស ប៊ី អាយ លី ហួរ។




