ភ្នំពេញ៖ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥បានជួបប្រជុំជាមួយ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការ ដាក់បន្ទុកនិងដោះបន្ទុក អចលនទ្រព្យក្នុងវិស័យធនាគារ ក្នុងគោលបំណងសម្រួលការប្រើប្រាស់ទ្រព្យឲ្យមានប្រសិទ្ធភាព និង តម្លាភាព។

លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការល្អផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ជាទូទៅប្រាក់ដុល្លារនិងប្រាក់រៀលអាចដំណើរការនៅក្នុងលំហូរសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដែលនេះគឺជារឿងដ៏ល្អមួយសម្រាប់កម្ពុជាដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវតាំងពីឆ្នាំ១៩៧៩ មក។ លោកបានបន្ថែមថា ការសម្រួលអត្រាការប្រាក់នឹងជួយបន្ធូរដល់បំណុលឯកជន ដែលអាចឈានទៅបន្ធូរដល់បំណុលសាធារណៈផងដែរ។
លោក សាយ សំអាល់ បានលើកសំណើដល់ធនាគារជាតិនៃកម្ពុជាថាតើអាចមានការឯកភាពសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្រិតណាក្នុងវិស័យដីធ្លីដើម្បីប្រែក្លាយដីឱ្យទៅជាធនាគារដី ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ។

ជាការឆ្លើយតប លោកស្រីជា សិរី បានឱ្យដឹងអំពីស្ថានភាពវិស័យធនាគារនិងទំនាក់ទំនងជាមួយវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា ដោយក្នុងនោះលោកជំទាវបានផ្តាំផ្ញើដល់អ្នកដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលហើយនោះត្រូវថែរក្សាទុកជាកេរមរតក និងសូមកុំយកទៅលក់ ឬដាក់បញ្ចាំនៅធនាគារភ្លាមៗ ហើយត្រូវប្រើប្រាស់បណ្ណកម្មសិទ្ធិនេះប្រកបដោយការទទួលខុសត្រូវ។
