ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ បានផ្ដល់ប្រយោជន៍ជាច្រើន តាមរយ:ការធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ធ្វើជាជីកំប៉ុស្តជាដើម ជាពិសេសបើមានការទុកដាក់សំរាម និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស វាអាចកាត់បន្ថយនូវបញ្ហាឈឺថ្កាត់របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋពុំចាំបាច់ចំណាយច្រើនលើការព្យាបាលជំងឺផងដែរ។

ទន្ទឹមនឹងនេះប្រសិនយើងមានបរិស្ថានប្រកបដោយអនាម័យ នឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរដែលអាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ បង្កើនប្រាក់ចំណូល និងធ្វើឱ្យតំបន់នោះមានការអភិវឌ្ឍជឿនលឿន។
សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២នេះបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ១១ហិកតា ហើយគ្រោងឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង ១២៨ ២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

