ដោយសង្កេតឃើញមានការជជែកវែកញែក ពីបញ្ហាថ្លៃជ្រូករស់និងថ្លៃសាច់ជ្រូក លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះថា ក្រសួងកសិកម្មតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ បច្ចុប្បន្ននេះ ថ្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ។

លោកបន្តថា ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។
លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា កន្លងមក យើងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ។ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា៕

