សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បង្ហាញគម្រោងលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានសិក្សាគម្រោងរបស់ខ្លួនពាក់ព័ន្ធនឹងការលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ភស្តុភារកម្ម ផ្លូវទឹក ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation)ដឹកនាំដោយ លោក Thomas Lubeck ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងខាងកើត កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើគម្រោងនានា ក៏ដូចជាការផ្តល់អនុសាសន៍ណែនាំទៅលើការសិក្សាគម្រោងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពាក់ព័ន្ធនឹងការលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ភស្តុភារកម្ម ផ្លូវទឹក ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជា សំដៅរួមចំណែកកាន់តែមានភាពល្អប្រសើរឡើងសំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

គណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ដោយបានធ្វើបទបង្ហាញខ្លីអំពីទីតាំងដីដ៏មានសក្តានុពល ដែលបាននិងកំពុងសិក្សាដោយក្រុមការងារជំនាញរបស់ IFC។ ដោយវឌ្ឍនភាពគម្រោង SHV-LC ក៏មានវិធានគន្លឹះមួយចំនួនដើម្បីជំរុញការអភិវឌ្ឍគម្រោង SHV-LC ឱ្យលេចចេញជារូបរាងនាពេលខាងមុខដ៏ឆាប់ៗនេះ ដោយហេតុថាគម្រោងនេះនឹងផ្តល់អំណោយផលរួមចំណែកកំណើនសេដ្ឋកិច្ច និងការរីកចម្រើននៃវិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងកំពង់ផែសមុទ្រ។

លោកស្រី កុយ សុដានី ក៏បានលើកឡើងពីសមិទ្ធផល និងគម្រោងនានាដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបាននាពេលកន្លងមក និងកំពុងអនុវត្ដជាច្រើនរួមមានការចូលរួមអនុវត្តទិសដៅគោលនយោបាយជាតិ ជាពិសេសការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការរៀបចំកសាងផែនការមេ ការរៀបចំឯកសារច្បាប់ពាក់ព័ន្ធនានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានាទូទាំងប្រទេស៕