ខេត្តព្រះសីហនុមានគម្រោងវិនិយោគសរុប ២៩០ គម្រោង ក្រោមទុនប្រមាណ២ ៨៥០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងខេត្តព្រះសីហនុមានរោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងសេវាកម្មសរុបចំនួន៣ ៨២៥ទីតាំង ក្នុងនោះមានគម្រោងវិនិយោគចំនួន២៩០ ដែលមានទុនវិនិយោគប្រមាណ២ ៨៥០លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានថ្លែងបែបនេះនៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាអគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យវាលរេញ ក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

លោក ម៉ាង ស៊ីណេត បានថ្លែងថា ខេត្តព្រះសីហនុមានអគារខ្ពស់ៗ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋាន អន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក កំពង់ផែទឹកជ្រៅជាដើម។

លោកបានបន្តថា នៅក្នុងខេត្តព្រះសីហនុមានរោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងសេវាកម្មសរុបចំនួន៣ ៨២៥ទីតាំង មានបុគ្គលិក កម្មករ និងយោជិតប្រមាណ១២ ៧៤០០នាក់ ក្នុងនោះមានគម្រោងវិនិយោគចំនួន២៩០ ដែលមានទុនវិនិយោគប្រមាណ២ ៨៥០លានដុល្លារសហរដ្ឋអាមេរិក។

លោកបានបន្ថែមថា បច្ចុប្បន្ន មានរោងចក្រកំពុងដំណើរការ១៨១ទីតាំង មានបុគ្គលិក កម្មករ និយោជិត ប្រមាណ៥០ ៥០០នាក់ ដែលទទួលប្រាក់ខែជាមធ្យមប្រមាណជា១៦,៥លានដុល្លារ ក្នុងមួយខែៗ។

លើសពីនេះ ខេត្តព្រះសីហនុក៏មានគម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសចំនួន១២ ក្នុងនោះ៥កំពុងដំណើរការ ២កំពុងស្ថិតនៅក្នុងដំណើរការសាងសង់ និង៥ទៀត មិនទាន់មានសកម្មភាពនៅឡើយ។

លោកអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ផ្អែកលើសក្តានុពលខាងលើ បានធ្វើឱ្យខេត្តព្រះសីហនុទទួលបានផលិតផលក្នុងស្រុកសរុបប្រមាណ១ ៦១៧លានដុល្លារ ហើយចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ៤ ៧០២ដុល្លារ ដែលមានអត្រាកំណើនសេដ្ឋកិច្ច៦% ក្នុងឆ្នាំ២០២៣៕