គម្រោងថ្មីចំនួន១២ ក្រោមទុន ១០៤ លានដុល្លារ នឹងបោះទីតាំងវិនិយោគនៅរាជធានីខេត្តចំនួន ៥

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីខេត្តចំនួន ៥ របស់កម្ពុជា នឹងទទួលបានគម្រោងថ្មីចំនួន១២ ក្រោមទុនវិនិយោគ ១០៤ លានដុល្លារអាមេរិក នាពេលខាងមុងនេះ ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលត្រៀមនឹងចុះបញ្ជីគម្រោងវិនិយោគទាំងនេះ ជាគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៥ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ដែលបានធ្វើនាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងចំនួន១២នេះ នឹងបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង។គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤,៤ពាន់កន្លែង។

សូមជម្រាបថា គម្រោងខាងលើនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង រួមមាន៖ កែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតអំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ផលិតគ្រឿងអេទ្បិចត្រូនិកនិងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ, ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, ផលិតផលិតផលពីក្រដាស, ផលិតឧបករណ៍បរិក្ខារពេទ្យ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, និងការបន្ថែមមុខសញ្ញាបោកគក់សម្លៀកបំពាក់។

ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង គឺផ្តោតលើការបង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន៨០គ្រែ) និងវិស័យទេសចរណ៍ចំនួន១គម្រោង គឺផ្តោតលើការបង្កើតរមណីយដ្ឋានចម្រុះ៕ អត្ថបទ៖ ហ្សាលីន