កម្ពុជា-ADB បើកកិច្ចពិភាក្សាគ្នា ដើម្បីជំរុញ និងលើកកម្ពស់បរិយាកាសវិនិយោគកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបើកកិច្ចពិភាក្សាគ្នាជុំវិញកត្តាពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពប្រកួតប្រជែងសម្រាប់កម្ពុជា សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB ) ដឹកនាំដោយ លោក Anthony Gil ប្រធានស្តីទីការិយាល័យតំណាង ADB ប្រចាំនៅកម្ពុជា, លោក Sion Mortin តំណាងក្រុមការងារមកពីទីស្នាក់ការកណ្តាលធនាគារ ADB ។

តាមរយៈជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញ ការត្រៀមរៀបចំវេទិកាទាក់ទងនឹងពាណិជ្ជកម្មប្រកបដោយចីរភាពរបស់ADB ដែលនឹងប្រព្រឹត្តឡើងនាពេលខាងមុខ, និយាមការថ្មីៗសម្រាប់ការតាក់តែង ឬកំណែទម្រង់ច្បាប់ និងគោលនយោបាយនានាឱ្យស្របតាមនិន្នាការសកល និងកត្តាពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញលើកកម្ពស់បរិយាកាសវិនិយោគ បង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគថ្មីៗ ឱ្យជ្រើសរើសកម្ពុជាជាទីតាំងបោះទុនក្នុងបរិការណ៍ពិភពលោក និងស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីច្បាប់ស្តីពីវិនិយោគកម្ពុជា ខណៈដែលត្រូវបានទទួលស្គាល់ថាជាច្បាប់វិនិយោគសេរី និងប្រកបដោយការលើកទឹកចិត្តខ្ពស់សម្រាប់វិនិយោគិន បើធៀបទៅនឹងច្បាប់វិនិយោគ នៃបណ្តាប្រទេសនានានៅក្នុងតំបន់ ប៉ុន្តែកម្ពុជាក៏នៅតែមានតម្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍគុណសម្បត្តិវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment – FDI)។

លោក សង្ឃឹមថា តាមរយៈជំនួបនេះ ADB នឹងបន្តផ្តល់កិច្ចសហការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត ពិសេសលើការផ្តល់យោបល់ពាន់ព័ន្ធនឹងការរៀបចំគោលនយោបាយ ការគាំទ្រកំណែទម្រង់គោលនយោបាយ និងការរៀបចំយុទ្ធសាស្រ្តនានាដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ។

គួរបញ្ចាក់ដែរថា នៅក្នុងកិច្ចប្រជុំខាងលើនេះ បានបញ្ជាក់ថា ដើម្បីជាការសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំវិនិយោគ និងដើម្បីចូលរួមជំរុញការអនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលអនុញ្ញាតឱ្យវិនិយោគមានលទ្ធភាពដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងពេលវេលាតាមរយៈប្រព័ន្ធអ៊ីនធឺណេតផងដែរ៕ អត្ថបទ៖​ហ្សាលីន