រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចុះ MOUជាមួយ KOICA ដើម្បីពង្រឹងវិស័យអាកាសចរណ៍នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) នៅថ្ងៃទី២៦ ខែមីនានេះ បានចុះMOU ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ការិយាល័យកម្ពុជា សម្រាប់គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលនៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលនៅកម្ពុជា នឹងពង្រឹងសមត្ថភាពរបស់ វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលនៅកម្ពុជា (NICA) ដើម្បីផ្តល់កម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ជាអន្តរជាតិសម្រាប់អ្នកជំនាញអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា មានប្រសាសន៍ថា “ការពង្រឹងប្រព័ន្ធបណ្តុះបណ្តាលរបស់ NICA យើងបាននិងកំពុងវិនិយោគលើអនាគតនៃអ្នកជំនាញអាកាសចរណ៍របស់យើង និងធានាថាពួកគេត្រូវបានបំពាក់ដោយជំនាញចាំបាច់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងភាពជាដៃគូដ៏សប្បុរសរបស់ ទីភ្នាក់ងារ KOICA”។

គម្រោងដែលមានថវិកាសរុបចំនួន១២លានដុល្លារដែលជាជំនួយឥតសំណងរបស់កូរ៉េ នឹងត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ ២០២៩ដោយមានធាតុផ្សំសំខាន់ៗដូចជា ៖១) ការអភិវឌ្ឍន៍កម្មវិធីសិក្សា, ការធ្វើទំនើបកម្ម និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាបណ្តុះបណ្តាលឱ្យស្របតាមស្តង់ដារអន្តរជាតិ និងការអនុវត្តល្អបំផុត។ ២) ការបណ្តុះបណ្តាលគ្រូ, ពង្រឹងជំនាញបច្ចេកទេសរបស់គ្រូនៅ NICA ។ ៣)ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើឱ្យប្រសើរឡើងនូវកន្លែងបណ្តុះបណ្តាល និងការផ្តល់ឧបករណ៍ទំនើបៗ។ ៤) ការកសាងសមត្ថភាព, ការពង្រឹងសមត្ថភាពស្ថាប័នរបស់ NICA ក្នុងការគ្រប់គ្រង និងផ្តល់កម្មវិធីបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពនិង ៥) ការផ្តល់អ្នកជំនាញ, អ្នកជំនាញកូរ៉េនឹងត្រូវបានបញ្ជូនដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍ប្រព័ន្ធបណ្តុះបណ្តាល នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍។

លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជាបានមានប្រសាសន៍គូសបញ្ជាក់ថា “គម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញសម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ដែលរួមចំណែកដល់កំណើន និងវិបុលភាពនៃប្រទេសកម្ពុជាទាំងមូល។ យើងមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ SSCA និង NICA លើគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។

គម្រោងនេះត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា។ តាមរយៈការវិនិយោគលើការអភិវឌ្ឍន៍ធនធានមនុស្ស គម្រោងនេះនឹងរួមចំណែកដល់កំណើនរយៈពេលវែងនៃឧស្សាហកម្មនេះ និងលើកកំពស់កម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់”៕SL