កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការពីប្រទេសកូរ៉េ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា គឺជាប្រទេសទទួលជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA)ច្រើនជាងគេពីប្រទេសកូរ៉េក្នុងឆ្នាំនេះ ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសជាដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការទាំង៩២ផ្សេងទៀត។ នៅឆ្នាំនេះ រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថានឹងផ្តល់ជំនួយប្រមាណ៣៥០លានដុល្លារដល់កម្ពុជា ដោយផ្តោតលើវិស័យដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសអំពីការទទួលបានជំនួយជាប់ចំណាត់ថ្នាក់លេខ១របស់កម្ពុជានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយរវាងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានគូសបញ្ជាក់ថា ជំនួយនេះនឹងរួមមានកម្ចីសម្បទានចំនួន២៧គម្រោង ក្នុងនោះគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន៦២គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ។

លើសពីជំនួយអភិវឌ្ឍន៍ ការចូលរួមផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែរឹងមាំ ដោយមានក្រុមហ៊ុនកូរ៉េប្រមាណ២០០ដែលកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យផលិតកម្ម ហិរញ្ញវត្ថុ សំណង់ និងអចលនទ្រព្យ។ បើតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េបានបង្ហាញថា ភាគីទាំងពីរបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងភាពជាដៃគូ និងជំរុញគោលដៅអភិវឌ្ឍន៍ទៅវិញទៅមក។ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងវិស័យដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។លើសពីនេះកិច្ចប្រជុំនេះបានពង្រឹងតួនាទីរបស់ប្រទេសកូរ៉េក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា ហើយប្រទេសទាំងពីរបានឯកភាពបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមនៃភាពរុងរឿង និងការអភិវឌ្ឍ៕SL