សហគមន៍កសិកម្មទំនើបចំនួន៣នៅខេត្តកំពង់ធំ រួមមាន សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្មទំនើបសាលាវិស័យកំពង់ធំ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនMIRARTH សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីប្រមាណ៤០០តោន។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពី «ការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី» រវាងសហគមន៍កសិកម្មទំនើបចំនួន៣ និងក្រុមហ៊ុន MIRARTH ធ្វើឡើងដោយមានសក្ខីភាពលោក ឃឹម ហ្វីណង់ រួមជាមួយនាយកដ្ឋានកសិឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិកទាំងអស់ពីហានិភ័យទីផ្សារនៃការប្រែប្រួលថ្លៃលើសពីការរំពឹងទុក។

លោកក៏បានណែនាំឱ្យនាយកដ្ឋានកសិឧស្សាហកម្ម និងសហគមន៍ផ្ទាល់ បន្តចុះកិច្ចសន្យាលក់គ្រាប់ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រមទាំងពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់ការលក់ជាគ្រាប់ស្ងួតផងដែរ។ បន្ថែមពីនោះសម្រាប់រដូវកាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយទើបជាការប្រសើរ។
សូមបញ្ជាក់ថា កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់ចំនួនប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី៤០០តោន ហើយនេះគឺជាលើកទីមួយហើយ ដែលសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីទាំង៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការចុះកិច្ចសន្យាទុកជាមុនច្បាស់លាស់ក្នុងតម្លៃថេរមួយ សម្រាប់រដូវកាលប្រមូលផលដំបូងរបស់ខ្លួន។ គួរបញ្ជាក់បន្ថែមថា តាមការព្យាករណ៍ បរិមាណគ្រាប់ស្វាយចន្ទីដែលបានចុះកិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែលនឹង២០%នៃបរិមាណផលសរុបដែលសហគមន៍ទាំង៣គ្រោងនឹងផលិតបានក្នុងឆ្នាំ២០២៥នេះ៕


